ស្ថានទូតជប៉ុនបានឃើញពាក្យចចាមអារ៉ាម ឬ ព័ត៌មានដែលថារដ្ឋាភិបាលជប៉ុននឹងផ្តល់ដ្រូនចម្បាំងដល់ប្រទេសថៃ ថាព័ត៌មាននេះគឺ មិនពិតទេ។ នេះបើយោងតាមការប្រកាសរបស់ស្ថានទូតជប៉ុន នៅបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។

ស្ថានទូតជប៉ុន បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន ពុំដែលមានគម្រោងផ្តល់គ្រឿងយន្តបែបនេះដល់ប្រទេសថៃ ហើយក៏មិនធ្លាប់បានទទួលសំណើបែបនេះពីប្រទេសថៃដែរ។ ជំនួយរបស់ប្រទេសជប៉ុនត្រូវបានកំណត់យ៉ាងតឹងរ៉ឹងចំពោះផ្នែកដែលមិនពាក់ព័ន្ធដោយផ្ទាល់ទៅនឹងជម្លោះអន្តរជាតិ។
ជាថ្មីម្តងទៀត ស្ថានទូតជប៉ុន ក៏បានថ្លែងអំណរគុណទុកជាមុននូវការមិនផ្សព្វផ្សាយ និងចែកចាយ ព័ត៌មានក្លែងក្លាយ។រដ្ឋាភិបាលជប៉ុនចាត់ទុកថាការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ និងការស្តារឡើងវិញនូវសន្តិភាពឱ្យបានឆាប់មានសារៈសំខាន់ខ្លាំងណាស់។ ស្ថានទូតក៏សង្ឃឹមយ៉ាងមុតមាំថា ប្រជាជនកម្ពុជានឹងអាចវិលទៅរកជីវភាពប្រចាំថ្ងៃដោយសុខសាន្តឱ្យបានឆាប់៕ អត្ថបទ៖ ហ្សាលីន

