ថ្នាក់ដឹកនាំក្រុមហ៊ុន PICG និងលោកបណ្ឌិត គី សេរីវឌ្ឍន៍ នាំយកថវិកាជាង១ម៉ឺន៤ពាន់ដុល្លារ ជូនវីរៈកងទ័ពជួរមុខកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងបងប្អូនជនភៀសសឹក

សង្គម​ និង​សេដ្ឋកិច្ច

លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិនៃក្រុមហ៊ុន PICG រួមជាមួយនឹងលោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានមូលនិធិ ClC Small Acts Big Heart កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ ចុះជួយឧបត្ថម្ភថវិកាជាង១៤០០០ដុល្លានិងសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគជាច្រើន ជូនវីរៈកងទ័ពកម្ពុជាដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ និងជួយដល់បងប្អូនជនភៀសសឹកជាច្រើនពាន់គ្រួសារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការបញ្ជាក់ឱ្យដឹង ថវិកាដែលនាំយកទៅជូនវីរៈកងទ័ពកម្ពុជានាពេលនេះ គឺនាយកប្រតិបត្តិនៃក្រុមហ៊ុន PICG និងលោកបណ្ឌិត គី សេរីវឌ្ឍន៍ រួមទាំងក្រុមការងារ យកជូនផ្ទាល់តែម្ដង ដែលសរុបថវិកាទាំងអស់ស្មើនឹង ១៤០០០ដុល្លារសហរដ្ឋអាមេរិក។

ដោយឡែកសម្រាប់បងប្អូនជនភៀសសឹកជាច្រើនពាន់គ្រួសារ ដែលត្រូវបានជម្លៀសក្នុងពេលមានជម្លោះប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃនោះ លោកបណ្ឌិត និងថ្នាក់ដឹកនាំ PICG សម្រេចប្រគល់ជូនបងប្អូន តាមរយៈអភិបាលខេត្ដសៀមរាប ដែលមានថវិកាសរុបចំនួន ១០០០០ដុល្លារសហរដ្ឋអាមេរិក។

សូមជម្រាបជូនថា ថវិកាដែលបាននាំយកទៅចែកជូននាពេលនេះ មានមួយចំណែកជាថវិកាផ្ទាល់ខ្លួនរបស់ លោក គឹន ឧត្តមមុនីស៊ីណាត​ និង នាយកប្រតិបត្តិនៃក្រុមហ៊ុន PICG និងអតិថិជន​​ ព្រមទាំងក្រុមការងាររបស់លោកផ្ទាល់ និងមួយចំណែកទៀតជាថវិកាដែលបានប្រមូលគៀគរពីបងប្អូនសប្បុរសជនក្នុងនិងក្រៅប្រទេសតាមរយៈមូលនិធិ ClC Small Acts Big Heart ដែលមានលោកបណ្ឌិត គី សេរីវឌ្ឍន៍ ជាប្រធាន។

សូមគូសបញ្ជាក់បន្ថែមថា ទោះបីពេលនេះ ស្ថានភាពព្រំដែនស្ងប់ស្ងាត់ក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋមិនទាន់អាចត្រឡប់ទៅគេហដ្ឋានវិញបាននោះដែរ ដោយត្រូវរងចាំមានការបញ្ជាក់ច្បាស់លាស់ពីអាជ្ញាធរមានសមត្ថកិច្ចថាមានសុវត្ថិភាព និងស្ថានភាពត្រឡប់ទៅរកភាពប្រក្រតីវិញ ទើបអាចត្រឡប់ទៅផ្ទះវិញបាន។ ហេតុដូច្នេះ ការជួយឧបត្ថម្ភដល់កងទ័ពជួរមុខ ជាពិសេសបងប្អូនប្រជាពលរដ្ឋភៀសសឹកនៅតែបន្ដធ្វើដូចភ្លៀងរលឹមដដែល។

ជាមួយគ្នានោះ ប្រសិនបើបងប្អូនចង់ចូលរួមជាមួយមូលនិធិ ClC Small Acts Big Heart ដែលបង្កើតឡើងដើម្បីជួយដល់កងទ័ពជួរមុខដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពជាតិខ្មែរពីសត្រូវឈ្លានពាន និងជួយដល់បងប្អូនជនភៀសសឹកនោះ បងប្អូនអាចស្គេនQR Code ខាងក្រោមនេះ!