ម៉ាឡេស៊ី គាំទ្រដល់ការបង្កើតយន្ដការអាស៊ាន ដើម្បីជួយអនុវត្ដបទ «ឈប់បាញ់» រវាងកម្ពុជានិងថៃ

សង្គម​ និង​សេដ្ឋកិច្ច

នៅក្នុងជំនួបជាមួយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា  អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានបង្ហាញពីឆន្ទៈក្នុងការសម្របសម្រួល ដើម្បីអនុវត្តបទឈប់បាញ់រវាង ប្រទេសកម្ពុជា និងប្រទេសថៃ តាមរយៈការបង្កើតយន្ដការអាស៊ាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ជួបជាមួយនាយឧត្តមសេនីយ៍ Mohamed Nizam អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងសហការី នៅប្រទេសម៉ាឡេស៊ី។

នៅក្នុងជំនួបនោះ ភាគីម៉ាឡេស៊ីបានបង្ហាញពីឆន្ទៈក្នុងការសម្របសម្រួល ដើម្បីអនុវត្តបទឈប់បាញ់រវាង ប្រទេសកម្ពុជា និងប្រទេសថៃ ដោយជំរុញឱ្យមានការបង្កើតឯកសារក្រមប្រតិបត្តិ (TOR )និងឈានដល់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AMT)ដែលនឹងក្លាយទៅជាយន្តការតាមដាន និងការអនុវត្តបទឈប់បាញ់ដោយប្រសិទ្ធភាពខ្ពស់ ឱ្យបានត្រឡប់មកវិញនូវសន្តិភាពឆាប់រហ័សជាទីបំផុត។

ទន្ទឹមនឹងឆន្ទៈខាងលើនេះ ឯកឧត្តម Nizam បានបញ្ជាក់ឃ្លាដ៏មានអត្ថន័យចំនួន៣ថា៖ “Peace is expensive.” (សន្តិភាពមិនអាចកាត់ថ្លៃបាន) “Life is precious,” (ជីវិតពិតជាមានតម្លៃ ) “Time is of the Essence,” (ពេលវេលាពិតជាសំខាន់)។

ក្រសួងការពារជាតិ គូសបញ្ជាក់ថា កិច្ចប្រជុំ៣ថ្ងៃកន្លងមកនេះ ក្រុមការងារលេខាធិការដ្ឋានរបស់ GBC នៃប្រទេសទាំងពីរ បានផ្លាស់ប្ដូរចំណុចសំខាន់ៗជាច្រើនប្រកបដោយភាពវិជ្ជមាន។ ធាតុចូលជាច្រើនរបស់កម្ពុជា ក៏បានភាគីថៃយល់ស្រប និងទទួលយក ដោយឡែកភាគីថៃក៏មានចំណុចល្អខ្លះៗ ដែលកម្ពុជាទទួលយកបានដូចគ្នា។

ក្រសួងការពារជាតិ សង្កត់ធ្ងន់ថា ស្របតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី តែងតែលើកឡើងថា «មួយថ្ងៃ មួយម៉ោង មួយនាទី ដែលយើងកំពុងចរចាគឺអាចជួយសង្គ្រោះដល់ជីវិតរបស់កងកម្លាំងយើង និងប្រជាជនយើងបាន កាន់តែឆាប់កាន់តែល្អ»៕