គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ គម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញ សម្រេចបានជាង៩៨%ហើយ។

នេះបើតាមការឱ្យដឹងតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំពិភាក្សាលើករណីសំណើសុំអន្តរាគមន៍ ដោះស្រាយបញ្ហាសំណង់លំនៅឋាន របស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិបឹងធំទី៣ សង្កាត់បឹងធំ ខណ្ឌកំបូល នៃគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។

ក្រសួងសាធារណការ បានឱ្យដឹងថា គម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញ បានបើកដំណើរការការដ្ឋាននៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។
បើគិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ វឌ្ឍនភាពការងារនៃគម្រោងនេះ សម្រេចបានជារួម ៩៨,១០%ហើយ។
តាមរយៈគម្រោងខាងលើ ក្រសួងសាធារណការ ធ្លាប់បានគូសបញ្ជាក់ថានឹងចូលរួមកាត់បន្ថយ និងបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ (លូតាមបណ្តោយផ្លូវជាតិលេខ៤ និងផ្លូវរថភ្លើង) ដោយបង្វែរទឹកភ្លៀងដែលធ្លាក់មកពីខេត្តកំពង់ស្ពឺ ទៅកាន់ស្ទឹងព្រែកត្នោត៕



