ម៉ាឡេស៊ី មកស្វែងយល់អំពីសក្ដានុពល និងកាលានុវត្តភាពក្នុងការវិនិយោគនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូម៉ាឡេស៊ី ដែលដឹកនាំដោយលោក Dato’ Tony Looi ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ី-ចិន កាលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្វែងយល់ពីសក្ដានុពល និងកាលានុវត្តភាពក្នុងការវិនិយោគនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូនាពេលនេះ។ លោក ក៏បានជម្រាបជូនគណៈប្រតិភូពីគោលនយោបាយគាំទ្រ និងក្របខណ្ឌលើកទឹកចិត្ត ការថែទាំវិនិយោគស្របតាមច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនេះ លោកក៏បានលើកឡើងអំពីអត្ថិភាពនៃកិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជនកម្ពុជា-ជប៉ុន, កូរ៉េ, សហរដ្ឋអាម៉េរិក និងអឺរ៉ុប ព្រមទាំងវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ដែលជាយន្តការប្រកបដោយប្រសិទ្ធភាពក្នុងការថែទាំវិនិយោគ បង្កើនភាពកក់ក្តៅនិងទំនុកចិត្តខ្ពស់ដល់វិនិយោគិនក្នុងការបន្ដសកម្មភាពវិនិយោគរបស់ខ្លួនបន្ថែមទៀត។

សូមជម្រាបដែរថា ក្នុងខែកក្កដា ឆ្នាំ២០២៥នេះ គណៈកម្មាធិការ វិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេច ចុះបញ្ជីគម្រោងវិនិយោគ សរុបចំនួន៦៧គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៩៤៤លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៥៧ពាន់កន្លែង។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី១១ សីហា ឆ្នាំ២០២៥៕ អត្ថបទ៖ ហ្សាលីន