ក្រុមហ៊ុនផលិតសំបកកង់ខ្មែរ Sailun ប្រកាសតម្លៃថ្មីចុះថ្លៃចន្លោះពី ១០-២០ដុល្លារក្នុងមួយគ្រាប់ លក់ជូនអ្នកប្រើប្រាស់នៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

នាព្រឹកថ្ងៃព្រហស្បត្តិ៍ទី ១៤ ខែសីហា ឆ្នាំ ២០២៥ ក្រុមហ៊ុន PICG ទទួលសិទ្ធផ្ដាច់មុខផ្គត់ផ្គង់និងចែកចាយសំបកកង់ឡានខ្មែរម៉ាកសែលុន និងប្រេងរំអិលម៉ាក ប៉េត្រូណាស់ បានប្រកាសអំពីការសម្រួលតម្លៃថ្មីដ៏ពិសេសជូនអតិថិជនរបស់ខ្លួន ពោលគឺលក់ចុះថ្លៃពី ១០ ទៅ ២០ ដុល្លារក្នុងមួយសំបកកង់ (ក្នុងមួយគ្រាប់) ដើម្បីលើកទឹកចិត្តដល់អ្នកប្រើប្រាស់នៅកម្ពុជាឲ្យកាន់តែច្រើនឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្ដាញសង្គមផ្លូវការ Sailun Tire Cambodia នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ បានលើកឡើងដូច្នេះថា៖ ”តម្លៃថ្មី! សំបកកង់ខ្មែរម៉ាក Sailun ចុះចន្លោះពី១០-២០$/១គ្រាប់ សម្រាប់អ្នកប្រើប្រាស់ផ្ទាល់ ដែលមានបំណងចង់គាំទ្រនិងលើកស្ទួយផលិតផលក្នុងស្រុក ក្នុងស្មារតីខ្មែរស្រលាញ់ខ្មែរ”។ ការលើកឡើងនេះជាការរក្សាពាក្យសន្យាឲ្យសាកសមជារបស់ផលិតផលនៅក្នុងស្រុក សម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាដើម្បីលើកទឹកចិត្តបងប្អូនខ្មែរ ដែលកំពុងគាំទ្រផលិតផលសំបកកង់ខ្មែរនៅទូទាំងប្រទេស។”

ស្ថិតក្នុងស្មារតីខ្មែរតែមួយ និងជាក្នុងនាមជាក្រុមហ៊ុនដែលទទួលសិទ្ធផ្ដាច់មុខផ្គត់ផ្គង់និងចែកចាយសំបកកង់ឡានខ្មែរ និងប្រេងរំអិលម៉ាក ប៉េត្រូណាស់ តែមួយគត់នៅកម្ពុជា បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន រួមមាន ការប្រកាសចូលរួមបរិច្ចាគថវិកា ១ម៉ឺនដុល្លារ ដល់វីរកងទ័ពខ្មែរ ព្រមទាំងបានបង្កើត «មូលនិធិជួយដល់កងទ័ពខ្មែរជួរមុខដ៏អង់អាច» ដើម្បីជួយទ្រទ្រង់ដល់វីរកងទ័ពកម្ពុជា កំពុងឈរជើងយ៉ាងស្វាហាប់ក្នុងការពារដែនអធិបតេយ្យភាពនិងជនភៀសសឹកកម្ពុជា និង «មូលនិធិ គន្ធបុប្ជា ដើម្បីកុមារកម្ពុជា» ផងដែរ។

សូមជម្រាបជូនថា គិតត្រឹមឆ្នាំ២០២៥នេះ រោងចក្រផលិតសំបកកង់ឡានធំជាងគេ សៃលុន (Sailun Tire Cambodia) ដែលចំណាយទុនវិនិយោគបើករោងចក្រប្រមាណជា ១ ពាន់លានដុល្លារនៅក្នុងប្រទេសកម្ពុជា កំពុងប្រតិបត្តិការច្រវាក់ផលិតកម្ម ផលិត ចែកចាយក្នុងស្រុក និងនាំចេញទៅទីផ្សារតាមប្រទេសជុំវិញពិភពលោកផងដែរ៕