រដ្ឋលេខាធិការដា្ឋនកិច្ចការព្រំដែន នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសព័ត៌មាន លើកឡើងពីសកម្មភាពបំពានរបស់យោធាថៃបីចំណុចសំខាន់ៗ និងបានចាត់ទុកទង្វើទាំងនេះ ជាការរំលោភលើស្មារតីនៃ MOU ឆ្នាំ២០០០ និងច្បាប់អន្តរជាតិ។
ក្នុងរឿងនេះ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) ប្រកាសធ្វើការតវ៉ាប្រឆាំងដាច់អហង្ការ ចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃនេះ។ រដ្ឋលេខាធិការដា្ឋនកិច្ចការព្រំដែន បានឱ្យដឹងថា សកម្មភាពរំលោភបំពានរបស់យោធាថៃ មានបីចំណុចដូចខាងក្រោម៖
១.នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ យោធាថៃបានរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 46-47 ស្ថិតក្នុងភូមិសាស្ត្រ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
២.នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ យោធាថៃបានរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-43 ស្ថិតក្នុងភូមិសាស្ត ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
៣.នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ យោធាថៃបានប៉ុនប៉ងធ្វើសកម្មភាពរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាន នៅបរិវេណច្រកទ្វារព្រំដែនបឹងត្រកួន នៅកំណាត់ខ្សែព្រំដែន ស្ថិតក្នុងភូមិសាស្ត្រ ភូមិបន្ទាយមានឬទ្ធិ និងភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ប៉ុន្តែដោយឃើញមានវត្តមានប្រជាពលរដ្ឋ និងកងកម្លាំងកម្ពុជា ព្រមទាំងអនុព័ន្ធយោធាបរទេសចុះសង្កេតការណ៍នៅតំបន់នេះ យោធាថៃក៏សម្រេចបញ្ឈប់សកម្មភាព និងដកថយត្រឡប់ទៅវិញ។
រដ្ឋលេខាធិការដា្ឋនកិច្ចការព្រំដែន ចាត់ទុកសកម្មភាពទន្ទ្រានកាន់កាប់យកដីជាឯកតោភាគីរបស់យោធាថៃ តាមរយៈការរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាន នៅកំណាត់ខ្សែព្រំដែនខាងលើនេះ គឺជាសកម្មភាពរំលោភលើស្មារតីនៃ MOU ឆ្នាំ២០០០ និងច្បាប់អន្តរជាតិ ជាពិសេសរំលោភលើសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) ព្រមទាំងបំផ្លាញលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក និងដំណើរការ នៃការចរចារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ។
ជាថ្មីម្តងទៀត គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) ក៏បានធ្វើការតវ៉ាប្រឆាំង ដាច់អហង្ការ ចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ និងទាមទារឱ្យរុះរើជាបន្ទាន់នូវបន្លាលួស សំណាញ់ និងកង់ឡាន ព្រមទាំងចាត់វិធានការទប់ស្កាត់កុំឱ្យកើតមានសកម្មភាពរំលោភបំពានបែបនេះ តទៅទៀត នៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ៕










