លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា លោកនៅតែផ្ដល់តម្លៃខ្ពស់ចំពោះពាក្យមួយឃ្លាថា«ខ្មែរក្រជាងថៃ តែខ្មែរថ្លៃថ្នូរជាងថៃ»។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹង នៅលើបណ្ដាញសង្គមផ្លូវការផ្ទាល់ខ្លួន របស់លោកនៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។

លោក ស សុខា បានលើកឡើងថា «ជាថ្មីម្ដងទៀត! ខ្ញុំនៅតែផ្ដល់តម្លៃខ្ពស់ចំពោះពាក្យមួយឃ្លាថា “ខ្មែរក្រជាងថៃ តែខ្មែរថ្លៃថ្នូរជាងថៃ!” ខ្ញុំក៏សូមយកឱកាស បញ្ជាក់ក្នុងនាមជាកូនខ្មែរ គឺរូបខ្ញុំ ក៏មិនខុសពីប្រជាជនកម្ពុជា ក្មេងចាស់ ប្រុសស្រី ទាំងក្នុង និងក្រៅប្រទេសផ្សេងទៀតដែរ ពួកយើងមានស្មារតីរួបរួមសាមគ្គីក្នុងនាមជាខ្មែរយ៉ាងរឹងមាំល្អណាស់!»។
លោកបានសង្កត់ធ្ងន់ថា «ពួកយើង បាននឹងកំពុងគោរព និងអនុវត្តគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាល គោលនយោបាយរបស់គណបក្សយ៉ាងម៉ឹងម៉ាត់ និងប្រកបដោយវិន័យខ្ពស់! ពោលគឺពួកយើង គ្មានថ្ងៃឱ្យស្មារតីជាតិ និងក៏គ្មានថ្ងៃបណ្ដែតបណ្ដោយឱ្យការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សរបស់យើង មានភាពរញ៉េរញ៉ៃ នាំឱ្យអាប់ឱនដល់កិត្តិយសជាតិ យុវជន ប្រជាជន និងបញ្ញវន្តកម្ពុជាដូចថៃ នោះឡើយ»។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្ថែមថា « ពួកយើងជាកូនចៅជំនាន់ក្រោយ របស់ដូនតាអ្នកសាងអង្គរ! ពួកយើងជាអ្នកជំនាន់ក្រោយនៃដូនតាដែលកកើតលើដែនដីសុវណ្ណភូមិ! ពួកយើងជាអ្នកជំនាន់ក្រោយរបស់មេដឹកនាំដែលរំដោះ និងកសាងជាតិពីបាតដៃទទេ រហូតឈរប្រកបដោយកិត្តិយសលើឆាកអន្តរជាតិ! ពួកយើងគោរពគាំទ្រសម្ដេចតេជោ អគ្គមគ្គុទេសក៏នយោបាយឈ្នះ-ឈ្នះកម្ពុជា! សម្ដេចធិបតី អគ្គប្រតិបត្តិករនយោបាយកម្ពុជា!»៕

