ក្រុមហ៊ុន២ នឹងនាំដំណាប់ស្វាយចូលទៅកាន់ទីផ្សារចិន អាម៉េរិក និងអឺរ៉ុប ខណៈការនាំចេញកាន់តែកើនឡើង

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនចំនួន២ រួមមាន ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd. និងក្រុមហ៊ុន Zhongbao (Cambodia) Food Co., Ltd. មានគម្រោងពង្រីករោងចក្រកែច្នៃនៅកម្ពុជា និងទិញ-លក់ដំណាប់ស្វាយចូលទៅកាន់ទីផ្សារប្រទេសចិន អាម៉េរិក និងអឺរ៉ុប ស្របពេលការនាំចេញដំណាប់ស្វាយមានការកើនឡើងជាង២១ភាគរយ ក្នុងរយៈពេល៧ខែមកនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបរវាងរដ្ឋមន្រ្តីពាណិជ្ជកម្ម លោកស្រី ចម និម្មល និងគណៈប្រតិភូក្រុមហ៊ុន២ខាងលើ កាលពីថ្ងៃទី១៨ សីហា ក្រុមហ៊ុន២នេះ បានស្នើសុំការគាំទ្របន្ថែមពីក្រសួងពាណិជ្ជកម្មលើគម្រោងរបស់ក្រុមហ៊ុនក្នុងការពង្រីករោងចក្រកែច្នៃ និងការចុះអនុស្សារណៈនៃការយោគយល់គ្នាលើការទិញ-លក់ដំណាប់ស្វាយចូលទៅកាន់ទីផ្សារប្រទេសចិន អាម៉េរិក និងអឺរ៉ុប។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានគាំទ្រនូវគម្រោងពង្រីកផលិតកម្មរបស់រោងចក្រកែច្នៃផ្លែឈើ និងផលិតផលកសិផលខាងលើ ដោយលោកស្រីបញ្ជាក់ថានេះជាការចូលរួមចំណែកមួយជាមួយរដ្ឋាភិបាលក្នុងទិសដៅធ្វើពិពិធកម្មទីផ្សារសម្រាប់កសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

លោកស្រីក៏បានផ្តល់នូវអនុសាសន៍ណែនាំបន្ថែមពាក់ព័ន្ធនឹងទីផ្សារសក្តានុពលផ្សេងទៀត ដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ក៏ដូចជាចែករំលែកអំពីគោលនយោបាយពាណិជ្ជកម្ម កិច្ចសម្រួលពាណិជ្ជកម្ម ការលើកទឹកចិត្តនិងយន្តការគាំទ្រផ្សេងទៀត ដែលរាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញ សំដៅលើកកម្ពស់សមត្ថភាពក្នុងការផលិតនិងកែច្នៃ និងភាពប្រកួតប្រជែងរបស់វិស័យឯកជនកម្ពុជា។

ទន្ទឹមនឹងនោះ លោកស្រីរដ្ឋមន្រ្តីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងសមត្ថភាពអ្នកផលិត អ្នកកែច្នៃ និងអ្នកនាំចេញ សំដៅជំរុញការនាំចេញ បង្កើនចំណែកទីផ្សារ និងកិត្យានុភាពរបស់កម្ពុជាលើទីផ្សារអន្តរជាតិ។

សូមបញ្ជាក់ថា រយៈពេល៧ខែ ឆ្នាំ២០២៥នេះ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលកម្ពុជាទទួលបានពីការនាំចេញ ផលិតផលដំណាំមានជាង៣ ១៨៣ លានដុល្លារ ដែលក្នុងនោះតម្លៃការនាំចេញផលិតផលដំណាំក្រៅពីស្រូវ-អង្ករមានជាង២០៦៦ លានដុល្លារ, តម្លៃពីការនាំចេញស្រូវមានជាង៧៧៨ លានដុល្លារ និងតម្លៃពីការនាំចេញអង្ករមានជាង ៣៣៩ លានដុល្លារអាម៉េរិក។

ចំណែកការនាំចេញផ្លែស្វាយស្រស់មានការថយចុះ ដោយសាររោងចក្រដំណាប់ស្វាយក្នុងស្រុកបានប្រមូលទិញផ្លែ ស្វាយស្រស់មកកែច្នៃជាដំណាប់ស្វាយដើម្បីនាំចេញទៅទីផ្សារក្រៅប្រទេស។ គិតត្រឹមរយៈពេល ៧ខែ ឆ្នាំ២០២៥នេះ ការនាំចេញដំណាប់ស្វាយមានការកើនឡើងជាង២១ភាគរយ បើធៀបនឹងរយៈពេល ដូចគ្នាឆ្នាំ២០២៤៕