សហព័ន្ធស្រូវអង្ករកម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធាន សម្រាប់អាណត្តិទី៥ បន្ត

សង្គម​ និង​សេដ្ឋកិច្ច

សហព័ន្ធស្រូវអង្ករកម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាល អាណត្តិទី៥» ដើម្បីដំណើរការដឹកនាំវិស័យស្រូវអង្ករកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃ២១ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា «ពិធីសម្ពោធយុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥ – ២០៣០ និងកម្មវិធីមហាសន្និបាត សហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ និង ការបោះឆ្នោតជ្រើសរើសប្រធាន សហព័ន្ធ ប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាល អាណត្តិទី៥» នៅថ្ងៃ ទី២៦ ខែសីហា ឆ្នាំ២០២៥។

កម្មវិធីជ្រើសរើសការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល អាណត្តិទី៥» នឹងរៀបចំកម្មវិធីបើកក្រោមអធិបតីភាពរបស់ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងកម្មវិធីបិទ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមជម្រាបថា បច្ចុប្បន្ន ឧកញ៉ា ចាន់ សុឃាំង អគ្គនាយកក្រុមហ៊ុន Signature of Asia Co Ltd ​​បាន​​ជាប់​ឆ្នោត​ជាប្រធាន​សហព័ន្ធ​ស្រូវ​អង្ករកម្ពុជា សម្រាប់​អាណត្តិទី៤ ជំនួស​លោក​ឧកញ៉ា សុង សារ៉ន ​​ដែល​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា។

សូមរម្លឹកទៀតថា វិស័យស្រូវអង្ករកម្ពុជា បានដើរតួនាទីជាសសរស្តម្ភមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់វិស័យសន្តិសុខស្បៀង និងសេដ្ឋកិច្ច ខណៈកាលពីឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជា រកចំណូលបានជិត ២ពាន់លានដុល្លារ ពីវិស័យនេះ។របាយការណ៍នេះ បានបង្ហាញឡើងនៅក្នុងពិធីប្រារព្ធខួប ១០ឆ្នាំ នៃការបង្កើតសហព័ន្ធស្រូវអង្ករកម្ពុជា កាលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។

តាមរយៈកម្មពិធីនេះ បានឱ្យដឹងថា រយៈពេលជាង ១០ឆ្នាំមកនេះ វិស័យស្រូវអង្ករកម្ពុជាបានធ្វើឱ្យមានលំនឹងសន្តិសុខស្បៀង និងការពង្រីកសក្តានុពលពាណិជ្ជកម្ម និងវិនិយោគដោយបាននាំចេញអង្ករចំនួនជាង ៦៥១ពាន់តោន និងស្រូវចំនួនជាង ៥,១លានតោន ក្នុងឆ្នាំ២០២៤ ដែលផ្តល់ចំណូលសរុបចំនួនជាង ១.៩៨៧លានដុល្លារ។

ជាការកត់សម្គាល់ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ វិស័យស្រូវអង្ករកម្ពុជា បានទាក់ទាញការវិនិយោគពីវិនិយោគិនក្នុង និងក្រៅប្រទេសយ៉ាងខ្លាំង ដោយចំនួនរោងម៉ាស៊ីនកិនស្រូវបានកើនពីចំនួនមិនដល់ ១០ទីតាំង ឡើងដល់ជាង ៨០ទីតាំង ដោយមានបំពាក់នូវឧបករណ៍សម្ភារៈបច្ចេកវិទ្យាទំនើបបំផុតចុងក្រោយរបស់ពិភពលោកថែមទៀតផង។ ការ​ប្រែ​ក្លាយ​នេះ​បាន​ដាក់​ប្រទេស​កម្ពុជា​ជា​តួអង្គ​ដ៏សំខាន់​ក្នុង​ទីផ្សារ​ស្រូវ-អង្ករ​ពិភពលោក៕ អត្ថបទ៖ ហ្សាលីន