ក្រសួងមហាផ្ទៃ បន្ដហាមឃាត់ការបង្ហោះអាកាសយានគ្មានមនុស្សបើក(ដ្រូន) នៅក្នុងភូមិសាស្ត្រខេត្តចំនួន៩ ក្រោយពិនិត្យឃើញថា ភាគីថៃនៅតែបន្តបង្ហោះអាកាសយានគ្មានមនុស្សបើក(ដ្រូន) និងសត្វព្រាបបំពាក់ GPS ស៊ើបការណ៍ជារៀងរាល់ថ្ងៃចូលរំលោភបំពានដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមលិខិតចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា កន្លងមកក្រសួងមហាផ្ទៃបានដាក់ចេញនូវគោលការណ៍ហាមឃាត់មិនឱ្យមានការបង្ហោះអាកាសយាន គ្មានមនុស្សបើក(ដ្រូន) នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តសៀមរាប និងខេត្តកំពង់ធំ សម្រាប់រយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥។
ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ផ្អែកតាមរបាយការណ៍ប្រចាំថ្ងៃរបស់រដ្ឋបាលខេត្តខាងលើ ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា ភាគីថៃនៅតែបន្តបង្ហោះអាកាសយានគ្មានមនុស្សបើក(ដ្រូន) និងសត្វព្រាបបំពាក់ GPS ស៊ើបការណ៍ជារៀងរាល់ថ្ងៃចូលរំលោភបំពានដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។
ពាក់ព័ន្ធនឹងករណីនេះ ក្រសួងមហាផ្ទៃ សម្រេចបន្តការហាមឃាត់ការបង្ហោះអាកាសយានគ្មានមនុស្សបើក(ដ្រូន) នៅក្នុងភូមិសាស្ត្រខេត្តពាក់ព័ន្ធទាំង៩ខាងលើ គិតចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ រហូតដល់មានការណែនាំថ្មី ដើម្បីពង្រឹងនិងលើកកម្ពស់ការគ្រប់គ្រងនិងធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គមនៃព្រះរាជាណាចក្រកម្ពុជា៕



