គិតត្រឹមខែកក្កដា ក្រសួងរ៉ែ បានប្រើប្រាស់ មូលនិធិរ៉ែ ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានទូទាំងប្រទេសបាន ៩៩ គម្រោង ចំណាយថវិកាអស់ ៦,៥ លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមខែកក្កដា ឆ្នាំ២០២៥នេះ ក្រសួងរ៉ែ និងថាមពល បានប្រើប្រាស់មូលនិធិរ៉ែ ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានទូទាំងប្រទេសបានចំនួន ៩៩ គម្រោង ចំណាយថវិកាអស់ប្រមាណ ៦,៥ លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ភាពជោគជ័យនៃការប្រើប្រាស់មូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ក្នុងកម្មវិធីសំណេះសំណាលស្តីពី ការស្នើសុំមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។

ក្រសួងរ៉ែនិងថាមពល បានឱ្យដឹងថា រ៉ែសំណង់បាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់វត្ថុធាតុដើម មានថ្មសំណង់ ក្រួស ខ្សាច់ ឡាតេវីត សម្រាប់បម្រើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ អគ្គិសនី កំពង់ផែ អាកាសយានដ្ឋាន ស្ពាន វារីអគ្គិសនី ទំនប់ធារាសាស្ត្រ និងសំណង់នានាដទៃទៀតទូទាំងប្រទេស។

ការអភិវឌ្ឍនធនធានរ៉ែមុនឆ្នាំ១៩៩៨ កម្ពុជាមិនអាចធ្វើការអភិវឌ្ឍបានទេ ដោយសាររបបវាលពិឃាត និងសង្គ្រាមស៊ីវិល។ លុះក្រោយឆ្នាំ១៩៩៨ បន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញ ក្រោមគោលនយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យខឿនសេដ្ឋកិច្ចនិងសង្គមកម្ពុជាមានការរីកចម្រើនគ្រប់វិស័យ ក្នុងនោះវិស័យរ៉ែបានចាប់ផ្តើមមានសកម្មភាពអភិវឌ្ឍន៍គួរជាទីមោទនៈ ទោះបីជាវិស័យរ៉ែនៅកម្ពុជានៅក្មេងខ្ចី ក៏កម្ពុជាបានខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យនេះ តាមរយៈការទាក់ទាញវិនិយោគិន និងបានបង្កើតប្រភពចំណូលថ្មីបន្ថែមគួរឱ្យកត់សម្គាល់។

ទន្ទឹមនឹងភាពរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យរ៉ែ កាលពីឆ្នាំ២០១៥ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តួចផ្តើមឱ្យក្រសួងរ៉ែនិងថាមពលយកចិត្តទុកដាក់ និងគិតគូរពីផលប្រយោជន៍ជូនប្រជាពលរដ្ឋដែលរស់នៅជាប់ពាក់ព័ន្ធនឹងតំបន់វិនិយោគធនធានរ៉ែ ដោយផ្ទាល់បន្ថែមទៀត តាមរយៈការចូលរួមអភិវឌ្ឍន៍ក្នុងសហគមន៍មូលដ្ឋានបន្ថែមពីលើគម្រោងអភិវឌ្ឍថ្នាក់ជាតិ។ ក្នុងឆ្នាំ២០១៥ ក្រសួងរ៉ែនិងថាមពល ដោយមាន លោក ស៊ុយ សែម ជាដ្ឋមន្ត្រី បានបង្កើតមូលនិធិឈ្មោះថា «មូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន» និងបានប្រកបដោយតម្លាភាពសម្រាប់គោលដៅចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានដែល ធនធានរ៉ែស្ថិតនៅ។

គិតត្រឹមខែកក្កដា ឆ្នាំ២០២៥ ក្រសួងរ៉ែនិងថាមពល បានប្រើប្រាស់ មូលនិធិរ៉ែ ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានទូទាំងប្រទេសបានចំនួន ៩៩ គម្រោង ដែលចំណាយថវិកាអស់ប្រមាណ ៦,៥ លានដុល្លារអាមេរិក និងមាន ៣១ គម្រោង ទៀតគ្រោងនឹងអនុវត្តក្នុងឆមាសទី២ ឆ្នាំ២០២៥ នេះ ដែលគិតជាថវិកាប្រមាណជាង ២,៦ លានដុល្លារអាមេរិក បន្ថែមទៀត។ ក្រសួងរ៉ែនិងថាមពល ប្តេជ្ញាបន្តគ្រប់គ្រងនិងប្រើប្រាស់មូលនិធិរ៉ែ សំដៅដល់ការចូលរួមកសាងហេដ្ឋា រចនាសម្ព័ន្ធក្នុងមូលដ្ឋានដែលមានគម្រោងវិនិយោគធនធានរ៉ែស្ថិតនៅ ឱ្យមានប្រសិទ្ធភាព និងតម្លាភាព។

សូមបញ្ជាក់ថា មូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍ ត្រូវបានបង្កើតឡើងក្នុងគោលបំណងឱ្យក្រុមហ៊ុនអាជីវករដែលធ្វើអាជីវកម្មធនធានរ៉ែទាំងអស់ត្រូវមានភារកិច្ចចូលរួមទទួលខុសត្រូវក្នុងការអភិវឌ្ឍសហគមន៍មូលដ្ឋាន និងឃុំ-សង្កាត់ពាក់ព័ន្ធក្នុងដែនប្រតិបត្តិការធនធានរ៉ែរបស់ខ្លួន។ មូលនិធិនេះនឹងត្រូវប្រើប្រាស់ក្នុងការចូលរួមចំណែកអភិវឌ្ឍសហគមន៍មូលដ្ឋានលើផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សុខមាលភាពសាធារណៈ អប់រំ បណ្តុះបណ្តាល និងការអភិវឌ្ឍសហគមន៍មូលដ្ឋានដែលពាក់ព័ន្ធផ្សេងៗទៀត ដោយផ្អែកលើសំណើសមស្រប និងជាអាទិភាពរបស់សហគមន៍មូលដ្ឋាន ឃុំ-សង្កាត់ដែលស្ថិតនៅក្នុងដែនប្រតិបត្តិការធនធានរ៉ែ៕