ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូ ប្រចាំកម្ពុជា លោក Daouda Bitie បានបង្ហាញពីបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីកាន់តែប្រសើរ។លោកលើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ។

នាឱកាសនោះ លោកឯកអគ្គរដ្ឋទូតបួគីណាហ្វាសូ បានលើកឡើងចំណុចសំខាន់ដែលភាគីទាំងពីរ ត្រូវតែពង្រឹងជាមួយគ្នានោះគឺទាក់ទងទៅនឹង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយលោកក៏បានលើកឡើងថា ប្រទេសបួគីណាហ្វាសូមានចំណុចខ្លាំង គឺផ្នែកធនធានរ៉ែ ដែលជាផ្នែកមួយអាចពង្រឹងកិច្ចសហប្រតិបត្តិការបានជាមួយកម្ពុជា។
ជាមួយគ្នានោះ លោកក៏បានប្តេជ្ញាថានឹងមានកិច្ចសហប្រតិបត្តិការផ្នែកយោធាលើការដោះមីនផងដែរ និងចំណុចទាក់ទងទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើនទៀត ជាពិសេសការគាំទ្រគ្នាលើឆាកអន្តរជាតិ។
ជាការឆ្លើយតប សម្ដេចតេជោ បានស្វាគមន៍ ចំពោះការលើកឡើងរបស់ឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងលើចំណុចសំខាន់ទាំងបីខាងលើ តែយ៉ាងណាសម្ដេចតេជោ បានបញ្ជាក់ថា ភាគីទាំងពីរ គួរតែបង្កើតឱ្យមានកិច្ចព្រមព្រៀងឬអនុស្សរណៈនៃការយោគយល់គ្នាមួយ ដើម្បីពិនិត្យទៅលើចំណុចដែលត្រូវកិច្ចសហប្រតិបត្តិការក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងទិសដៅជាក់លាក់។
ទន្ទឹមគ្នានេះ តាមរយៈជំនួបពិភាក្សាខាងលើ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្តីសង្ឃឹមថា វត្តមានរបស់ឯកអគ្គរដ្ឋទូតនៅពេលនេះ នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងបួគីណាហ្វាសូ កាន់តែរីកចម្រើនបន្ថែមទៀតបន្ទាប់ពីប្រទេសនេះបានបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយគ្នារយៈពេល ១៥ឆ្នាំមកហើយ៕ អត្ថបទ៖ ហ្សាលីន



