បារាំងមានគម្រោងផលិតថាមពលអគ្គិសនីចេញពីសំរាម អ៊ីដ្រូហ្សែននិងវារីអគ្គិសនីនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនវិនិយោគមកពីប្រទេសបារាំង មានគម្រោងផលិតថាមពលអគ្គិសនីចេញពីសំរាម អ៊ីដ្រូហ្សែននិងវារីអគ្គិសនី។ នេះបើតាមការឱ្យដឹងពីក្រសួងរ៉ែ និងថាមពល នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងរ៉ែ និងថាមពល បានបន្ថែមថា គម្រោងផលិតថាមពលអគ្គិសនីចេញពីសំរាម អ៊ីដ្រូហ្សែននិងវារីអគ្គិសនីរបស់ក្រុមហ៊ុនបារាំង ត្រូវបានលើកឡើងនិងស្នើសុំពិនិត្យលទ្ធភាពវិនិយោគ នៅក្នុងជំនួបរវាងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា ព្រមទាំងក្រុមហ៊ុនវិនិយោគមកពីប្រទេសបារាំង។

គួរជម្រាបថា តំណាងក្រុមហ៊ុនបារាំងធំៗប្រមាណ៣០ បានមកប្រទេសកម្ពុជា នាថ្ងៃទី១២កញ្ញា ដើម្បីស្វែងយល់អំពីឱកាសវិនិយោគថ្មីៗក៏ដូចជាពង្រឹងភាពជាដៃគូផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ស្ថានទូតបារាំង បានបញ្ជាក់ថា គណៈប្រតិភូត្រូវបានទទួលស្វាគមន៍ដោយលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ស្តីពីចក្ខុវិស័យនៃកិច្ចសហប្រតិបត្តិការ និងកិច្ចសន្យានានានៅក្នុងវិស័យសំខាន់ៗ ដែលក្រុមហ៊ុនបារាំងមានចំណេះ និងជំនាញ៕