ក្រុមហ៊ុនទេសចរណ៍ Nanjing Tuniu International Travel Service ដែលមានអតិថិជនប្រើប្រាស់ App របស់ខ្លួនជាង១២០លាននាក់ ប្តេជា្ញចូលរួមផ្សព្វផ្សាយសក្តានុពេលទេសចរណ៍កម្ពុជាដល់ប្រជាជនចិន និងពិភពលោក។

នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក WANG Shubai អនុប្រធានជាន់ខ្ពស់ និងជាតំណាងក្រុមហ៊ុនទេសចរណ៍ Nanjing Tuniu International Travel Service Co., Ltd. (Tuniu) កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើកិច្ចសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដ៏សំបូរបែបដល់ភ្ញៀវទេសចរចិន និងអន្តរជាតិឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញភ្ងៀវទេសចរចិន និងអន្តរជាតិមកទស្សនាកម្ពុជាបន្ថែមទៀត។
លោក ហួត ហាក់ បានវាយតម្លៃខ្ពស់ដល់គំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន និងកិច្ចខិតខំប្រឹងប្រែងចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដ៏សំបូរបែបឱ្យបានស៊ីជម្រៅ និងទូលំទូលាយដល់ប្រជាជនចិន និងពិភពលោក ដើម្បីនាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា។

ជាមួយគ្នានេះ លោកក៏បានអបអរសាទចំពោះការចុះកិច្ចព្រមព្រៀងស្តីពីភាពដៃគូយុទ្ធសាស្រ្តជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ (CTB) ដែលជាកម្លាំងចលករសម្រាប់ឆ្នាំទេសចរណ៍កម្ពុជា-ចិន និងឈានដល់ការពិភាក្សាបង្កើតកញ្ចប់ទេសចរណ៍ ខ្សែផ្លូវទេសចរណ៍ ការអភិវឌ្ឍទេសចរបែបស៊ីជម្រៅ ដំណើរសិក្សាជាលក្ខណៈគ្រួសារ និងដំណើរកម្សាន្តក្រេបទឹកឃ្មុំ។
លោកក៏បានស្នើលោកអគ្គនាយករង រៀបចំ Famtrip ដើម្បីពិនិត្យស្ថានភាពនយោបាយ និងសង្គមជាក់ស្តែងរបស់ប្រទេសកម្ពុជា និងកាលានុវត្តភាពវិនិយោគ និងទេសចរណ៍របស់កម្ពុជាផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមរយៈពេល ៧ខែ ដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣,៧១ លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិនមានចំនួនជិត ៦៩ ម៉ឺននាក់ កើនឡើង ៤៨,២%។
នៅក្នុងខែកក្កដា ចិនគឺជាប្រភពភ្ញៀវទេសចរបរទេសច្រើនជាងគេសម្រាប់ប្រាសាទអង្គរវត្ត ដោយមានភ្ញៀវទេសចរចិនចំនួន ៥៧២០ នាក់បានទៅទស្សនាទីនោះ។ ឆ្នាំ ២០២៥ ត្រូវបានកំណត់ថាជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ចំនួនភ្ញៀវទេសចរចិនដែលមកទស្សនាប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងបន្តកើនឡើងពេញមួយឆ្នាំ។
ដោយឡែកក្នុងឆ្នាំ២០២៥នេះ កម្ពុជា បង្ហាញការរំពឹងថានឹងស្វាគមន៍ភ្ញៀវទេសចរអន្តជាតិប្រមាណ ៧,៥ លាននាក់ ដែលនឹងបង្កើតចំណូលចូលសេដ្ឋកិច្ចជាតិ ប្រមាណជាង៥ពាន់លានដុល្លារផងដែរ៕




