គម្រោងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) សម្រេចបានជាង៦៥% ហើយ

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៥នេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង(ស្គន់-កំពង់ចាម) សម្រេចវឌ្ឍនភាពការងារបាន ៦៥,៣៨% ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កាលពីទី២៧ ខែសីហា ឆ្នាំ២០២៥ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជានាយកគម្រោង បានដឹកនាំក្រុមការងារដើម្បីចុះពិនិត្យវឌ្ឍនភាពគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង(ស្គន់-កំពង់ចាម) និងពិភាក្សាការងារដាំដើមឈើតាមដងផ្លូវ ការងារសាងសង់ប្រព័ន្ធរំដោះទឹក និងការងារសាងសង់ស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

ក្រសួងបន្តថា បេសកកម្មចុះពិនិត្យនេះ មានការអញ្ជើញចូលរួមពីសំណាក់ អនុរដ្ឋលេខាធិការ លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម លោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាម អភិបាលរងស្រុកពាក់ព័ន្ធ មន្រ្តីបច្ចេកទេសក្រសួង តំណាងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសក្វាងចូវវ៉ានអាន(WACC) ។

បើតាមក្រសួងសាធារណការ គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៥ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង(ស្គន់-កំពង់ចាម) សម្រេចវឌ្ឍនភាពការងារចំនួន ៦៥,៣៨%។

សូមជម្រាបថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង (ស្គន់-កំពង់ចាម)ប្រវែងសរុប ៤៥,៥០ គីឡូម៉ែត្រ (PK000+000 – PK45+502.84)ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ដើម្បីជួយសម្រួលការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលកសិកម្ម កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។ ខ្សែផ្លូវនេះតភ្ជាប់ជាមួយផ្លូវជាតិលេខ៦ ពីរង្វង់មូលស្គន់ ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញ និងជាទិសដៅទៅខេត្តកំពង់ធំ សៀមរាប និងតភ្ជាប់ទៅតាមបណ្ដាញផ្លូវសំខាន់ៗផ្សេងៗទៀត៕