សម្តេចធិបតី សាទរនាយករដ្ឋមន្ត្រីបារាំងថ្មី និងប្តេជ្ញាពង្រឹងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការទ្វេភាគី

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការតែងតាំង លោក Sébastien LECORNU ជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋបារាំង និងបានប្តេជ្ញាពង្រឹងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសារលិខិតអបអរសាទររបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ជូននាយករដ្ឋមន្ត្រីបារាំងថ្មីថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការតែងតាំង លោកជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋបារាំង នៅពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ កន្លងមក។

សម្តេចធិបតីបន្តថា ការឡើងកាន់មុខតំណែងដ៏ខ្ពង់ខ្ពស់នេះ គឺជាជំហានដ៏សំខាន់ក្នុងអាជីពនយោបាយរបស់លោក ផ្តល់ ទស្សនៈវិស័យថ្មីៗក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជានិងបារាំង ដោយឈរលើប្រវត្តិ-សាស្ត្រ និងតម្លៃរួម។

រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលបារាំង ដើម្បីផ្តល់នូវសន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រកម្ពុជា-បារាំង និងរៀបចំរួមគ្នានូវកិច្ចការសំខាន់ៗ ខាងមុខ ជាពិសេសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា នៅឆ្នាំ២០២៦។

ក្នុងបរិបទនេះ សម្តេចបានបញ្ជាក់ថា ពិតជាមានកិត្តិយសក្នុងការរំពឹងថា លោកនាយរដ្ឋមន្រ្តីបារាំង នឹងមានឱកាសអញ្ជើញមកទស្សនកិច្ចនៅ កម្ពុជា។ សម្តេចក៏សូមឱ្យនាយករដ្ឋមន្ត្រីបារាំង ទទួលនូវការរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេច ព្រមទាំងសូមជូនពរលោកឱ្យ ទទួលបានជោគជ័យក្នុងបំពេញភារកិច្ចថ្មីនេះផងដែរ៕ អត្ថបទ៖ ហ្សាលីន