សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតចូលរួមអបអរសាទរនិងបងប្អូនជនរួមជាតិទាំងអស់ ក្នុងឱកាសខួប២ឆ្នាំ នៃការចុះ “រមណីយដ្ឋានប្រាសាទកោះកេរ” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ក្នុងសារលិខិតរបស់សម្តេចធិបតី បានថ្លែងថា ការសម្រេចទទួលស្គាល់អតីតរាជធានីកោះកេរ កសាងដោយព្រះបាទជ័យវរ្ម័នទី៤ ក្នុងសម័យអង្គរដ៏រុងរឿង បំផុតនៃអាណាចក្រខ្មែរ ដែលសម្បូរទៅដោយប្រាង្គប្រាសាទ រូបបដិមា សិលាចារឹត ចំណេះដឹងផ្នែករៀបចំក្រុង និងប្រព័ន្ធធារាសាស្ត្របុរាណ បានបង្ហាញពីកិត្យានុភាពវប្បធម៌ដ៏ខ្ពស់ត្រដែតរបស់ជាតិយើងក្នុងឆាកអន្តរជាតិ ដែលកើតចេញពីការខិតខំប្រឹងប្រែងប្រកបដោយវីរភាពជាប់មិនដាច់ និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិរក្ស អភិវឌ្ឍនូវសម្បត្តិបេតិកភណ្ឌវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិខ្មែរ ដែលជាកេរដំណែលពុំអាចកាត់ថ្លៃបាន។
ក្នុងឱកាសនេះ សម្តេចធិបតី ក៏បញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃការចូលរួមរបស់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរជាតិព្រះវិហារ ត្រូវសហការបំពេញបេសកកម្មការងារគ្រប់គ្រង និងអភិរក្សឱ្យបានហ្មត់ចត់នូវប្រាង្គប្រាសាទ បុរាណដ្ឋាន ប្រពៃណីទំនៀមទម្លាប់ ប្រជាជន ដីធ្លី ព្រៃឈើ និង សត្វព្រៃ ស្របតាមគោលការណ៍ប្រតិបត្តិរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក។ ប្រជាជនគ្រប់រូបមាន ភាពជាម្ចាស់ស្មើៗគ្នា ចំពោះសម្បត្តិវប្បធម៌និងសម្បត្តិធម្មជាតិទាំងអស់ និងមានកាតព្វកិច្ចដូចៗគ្នាក្នុងការជួយ ថែរក្សា ការពារ និងលើកតម្លៃរមណីយដ្ឋានប្រាសាទកោះកេររបស់យើង សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាជន ក៏ដូចជាពង្រឹងអត្តសញ្ញាណជាតិរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

សូមរម្លឹកថា “រមណីយដ្ឋានប្រាសាទកោះកេរ” បានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ តាមរយៈសេចក្ដីសម្រេចលេខ 45 COM 8B.8 នៅក្នុងសម័យប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌ ពិភពលោកក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានអំពាវនាវដល់គ្រប់បណ្ដាញព័ត៌មានទាំងអស់ ចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍នេះ ឱ្យបាន ទូលំទូលាយនិងអធិកអធម ដើម្បីអបអរសារទរខួប២ឆ្នាំ នៃការចុះ “រមណីយដ្ឋានប្រាសាទកោះកេរ”៕ អត្ថបទ៖ហ្សាលីន

