លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើទៅកាន់គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន(NDRC)ឱ្យមកវិនិយោគលើគម្រោងក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងភស្ដុភារកម្មកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចទ្វេភាគី។ការស្នើនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សានៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។

នៅក្នុងឱកាសនេះនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើសុំ NDRC ជួយជំរុញវិនិយោគិនចិនដែលមានសក្ដានុពលចូលមកបណ្ដាក់ទុនបន្ថែមទៀតនៅប្រទេសកម្ពុជា ពិសេសលើគម្រោងវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងភស្ដុភារកម្ម មានជាអាទិ៍គម្រោងទាំង ១៧៤ ក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣។ លោកបន្តថាគម្រោងទាំង១៧៤នេះមានការសំយោគបញ្ចូលគ្នាទាំងគម្រោងផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែ ភស្តុភារកម្ម ផ្លូវអាកាស និងដឹកជញ្ជូនអន្តរមធ្យោបាយ ដែលមានតម្រូវការទឹកប្រាក់វិនិយោគប្រមាណ ៣៦,៦ពាន់លានដុល្លារអាម៉េរិក។

ជាការឆ្លើយតប លោក ចូវ ហៃពីង អនុប្រធាន NDRC) បានកោតសរសើរចំពោះក្រុមការងារបច្ចេកទេសរបស់ប្រទេសកម្ពុជា និងចិន ដែលបានធ្វើការរួមគ្នាយ៉ាងសស្រាក់សស្រាំប្រកបដោយប្រសិទ្ធភាព និងបានបញ្ចប់ជាស្ថាពរនូវការពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃលើការសិក្សាសមិទ្ធិលទ្ធភាពរបស់គម្រោង និងរៀបចំប្លង់បច្ចេកទេស រហូតឈានដល់ការចុះហត្ថលេខាលើគម្រោងព្រែកជីកហ្វូណនតេជោបានដោយជោគជ័យ។ លោកបន្តថា នឹងបន្តជំរុញកិច្ចការងារនេះជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀតរបស់ប្រទេសចិន ដើម្បីធានាវឌ្ឍនភាព និងនិរន្តរភាពនៃគម្រោងអាចបិទបញ្ចប់ការសាងសង់តាមការគ្រោងទុកនៅឆ្នាំ២០២៨ផងដែរ។

សូមជម្រាបថា តាមរយៈជំនួបពិភាក្សាខាងលើ កម្ពុជា-ចិន ក៏បានពិភាក្សាអំពីវឌ្ឍនភាពនៃគម្រោងវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួនដូចជា ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម វិនិយោគ សេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យា កសិកម្ម វប្បធម៍ និងសុខាភិបាលជាដើម ក្រោមក្របខណ្ឌអនុស្សរណៈនៃការយោគយល់គ្នានាពេលកន្លងមករវាងកម្ពុជា-ចិន ជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយូរអង្វែង ប្រកបដោយប្រសិទ្ធភាព ស្ថិរភាព និងផលប្រយោជន៍ទៅវិញទៅមកផងដែរ៕ អត្ថបទ៖ហ្សាលីន


