ស្ថាប័នពាក់ព័ន្ធ រួមគ្នាលើកកម្ពស់បរិស្ថានវិនិយោគនៅកម្ពុជា ដើម្បីជំរុញការនាំចេញទៅទីផ្សារអាមេរិក

សង្គម​ និង​សេដ្ឋកិច្ច

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងស្ថាប័នពាកព័ន្ធ បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការវិវត្តថ្មីៗនៃការវិនិយោគក្នុងសកម្មភាពផ្គុំដំឡើងនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សំដៅលើកកម្ពស់បរិស្ថានវិនិយោគនៅកម្ពុជា ដើម្បីធានាដល់ការនាំចេញទៅកាន់ទីផ្សារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងសកម្មភាពវិនិយោគក្នុងការផ្គុំ និងដំឡើងសម្ភារៈបរិក្ខារផ្សេងៗសម្រាប់នាំចេញ ជាពិសេស ការនាំចេញទៅទីផ្សារសហរដ្ឋអាម៉េរិក ធ្វើឡើងកាលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ក្រោមការដឹកនាំដោយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។

នាឱកាសនោះ លោក ជា វុទ្ធី បានឱ្យដឹងថា កិច្ចប្រជុំពិភាក្សានេះមានគោលបំណងប្រមូលធាតុចូលសម្រាប់ជាមូលដ្ឋានក្នុងការគិតគូរស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមមួយចំនួនដែលវិនិយោគិនក្នុងវិស័យផ្គុំ និងដំឡើងសម្ភារៈបរិក្ខារផ្សេងៗសម្រាប់នាំចេញ ជាពិសេស ការនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក កំពុងជួបប្រទះ សំដៅលើកកម្ពស់បរិស្ថានវិនិយោគនៅកម្ពុជា និងដើម្បីធានាភាពប្រកួតប្រជែងក្នុងការទាក់ទាញវិនិយោគថ្មី និងថែទាំវិនិយោគដែលស្រាប់។

យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញឱ្យដឹងថា ការនាំចេញចូលទំនិញរបស់កម្ពុជារយៈពេល៦ខែ ឆ្នាំ២០២៥នេះ សម្រេចបានទំហំទឹកប្រាក់ ៣០,៥ពាន់លានដុល្លារ កើនឡើង១៧,២%។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាសម្រចបានជាង ១៤.២៩ពាន់លានដុល្លារ កើនឡើង១៦.២% រីឯការនាំចូលទំនិញមកវិញមានតម្លៃ ១៦.២៧ពាន់លានដុល្លារ កើនឡើង១៨%។

របាយការណ៍ដដែលបានបង្ហាញថា ប្រទេសចិនដណ្តើមបានលេខ១ជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជា ក្នុងទំហំទឹកប្រាក់ ៩.២៧ពាន់លានដុល្លារ។ ដោយឡែក សហរដ្ឋអាមេរិក បានស្ថិតនៅលំដាប់ទី២ បន្ទាប់ពីចិន ក្នុងទំហំទឹកប្រាក់ ៥.៦ពាន់លានដុល្លារ កើនឡើង២៥.៦% ក្នុងនោះកម្ពុជានាំចេញទៅអាមេរិកមានតម្លៃជាង ៥.៥ពានលានដុល្លារ និងអាមេរិកនាំមកកម្ពុជាវិញក្នុងតម្លៃជាង ១៦៤លានដុល្លារ៕ អត្ថបទ៖ ហ្សាលីន