កូនប្រុសបង្កើតរដ្ឋមន្ត្រីក្រសួងការងារ តែងតាំងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម

សង្គម​និង​សេដ្ឋកិច្ច

កូនប្រុសលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានឈ្មោះថា សំហេង បូរ៉ា ត្រូវបានតែងតាំងមុខដំណែងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣។ លោក សំហេង បូរ៉ា បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាប្អូនប្រុសបង្កើតលោក សំហេង បុរស រដ្ឋមន្ត្រីប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ឆ្វេង លោក សំហេង បូរ៉ា កណ្តាល លោក អ៊ិត សំហេង ស្តាំ លោក សំហេង បុរស

លោក បូរ៉ា ក៏ជាអនុប្រធាននាយករដ្ឋានហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងជម្រុញសហគ្រិនភាព នៃសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ ស.ស.យ.ក។

ព្រះរាជក្រឹត្យតែងតាំងមុខដំណែង ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ដែលឡាយព្រះហស្តលេខាដោយព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ក្រៅពីតែងតាំងដំណែងលោក សំហេង ប៉ូរ៉ា ជារដ្ឋលេខាធិការហើយនោះ ក៏មានតែងតាំងមុខដំណែងមន្ត្រីចំនួន ១៦រូបទៀតផងដែរ។

បើតាមព្រះរាជក្រឹត្យ សម្រាប់មុខដំណែងរដ្ឋលេខាធិការ មានដូចជា៖ លោកស្រី សូ ស្រីម៉ិច អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក ម៉ក់ ឧសភា អគ្គនាយកសេវាពាណិជ្ជកម្ម, លោក ប៊ុន ចន្ធី អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម, លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នក​នាំពាក្យ​​ក្រសួ​ងពាណិជ្ជកម្ម, លោក ថៅ សុខ​មុនី អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម, លោកស្រី ប៊ុន ណារ៉ាត អនុរដ្ឋលេខាធិការ ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ, លោក វ៉ា រុតសាន អនុប្រធាននាយកដ្ឋានកម្មសិទ្ធបញ្ញា, លោក មាស សេង និងលោកស្រី តោ ពិឡា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម។

ចំណែកឯមុខដំណែងអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រួមមាន៖ លោក ទា គង់, លោក ឈរ ឈុនហុង, លោកស្រី គង់ សិទ្ធិកា, លោក ទិត រិទ្ធីពល, លោក សំ សិទ្ធិស័ក្តិ និងលោកស្រី គឹម ស្រីរ័ត្ន។

សូមជម្រាបថា ក្រសួងពាណិជ្ជកម្ម បច្ចុប្បន្នមានលោក ប៉ាន សូរស័ក្តិ ជារដ្ឋមន្ត្រី ដែលជំនួសតួនាទីលោក ស៊ុន ចាន់ថុល ត្រូវផ្លាស់ប្ដូរមកកាន់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនវិញ ជំនួសលោក ត្រាំ អ៊ាវតឹក ដែលដូមកកាន់ដំណែងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍  ជំនួសលោក ប្រាក់ សុខុន មកកាន់មុខដំណែងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំនួសលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី៕