ពហុកីឡដ្ឋានជាតិរបស់កម្ពុជាមានតម្លៃប្រមាណ ១៦០លានដុល្លា ដាក់សម្ពោធនៅថ្ងៃនេះ

សង្គម​និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែធ្នូ នេះ កម្ពុជាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ វិមានកីឡដ្ឋាន ដែលជាសំណង់ធំជាងគេនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកើតឡើងពីចំណងមិត្តភាព កម្ពុជា-ចិន ជាជំនួយឥតសំណងពីមិត្តចិន ដែលស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វិមានកីឡដ្ឋាន បានសាងសង់លើទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក។ ពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាឆ្នាំ២០២៣ខាងមុខ ។

ពហុកីឡដ្ឋាន ត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧។ វិមានកីឡដ្ឋាន ទទួលបានថវិកាជាជំនួយឥតសំណង់សម្រាប់ការសាងសង់ពីរដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ប្រមាណ១៦០លានដុល្លា។

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍សម្ពោធដាក់ឱ្យប្រើប្រាស់វិមានកីឡដ្ឋានជាប្រវត្តិសាស្ត្រសម្រាប់ជាតិកម្ពុជានេះ ក៏មានភ្ជាប់មកនូវជាមួយព្រឹត្តិការណ៍មួយចំនួនទៀតមានដូចជា ពិធីរាប់ថយក្រោយ ដើម្បីឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលនៅសល់រយៈពេល ៥០២ថ្ងៃទៀត៕