ក្រោមកិច្ចយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការជម្រុញការនាំចេញអង្ករកម្ពុជា តាមរយៈថវិកាបដិភាគរបស់សហគ្រិនខ្មែរ (Khmer Enterprise) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារអភិវឌ្ឍន៍ ជនបទ និងកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកនាំក្រុមហ៊ុននាំចេញអង្ករ ចំនួន ១៣ ក្រុមហ៊ុន ដើម្បីចូលរួមតាំង បង្ហាញនូវផលិតអង្ករ ដែលមានគុណភាពបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពានរង្វាន់អង្ករល្អបំផុត របស់ពិភពលោក ទៅក្នុងព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិដ៏ធំជាងគេលើពិភពលោក ដែលមានឈ្មោះថា ANUGA 2025 – International Foods Industry Trade Fair នៅទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់ ដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ការចូលរួមពិព័រណ៍អាហារ អន្តរជាតិ ANUGA 2025 នេះ គឺជាការចូលរួមលើកទី ២ របស់ សហព័ន្ធស្រូវអង្ករកម្ពុជានៅក្នុង បន្ទាប់ពី ការចូលរួមលើកទី ១ នៅក្នុងឆ្នាំ២០២៣។ សម្រាប់ការចូលរួមលើកនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំ នូវពន្លាជាតិរួមមួយយ៉ាងស្រស់ស្អាត ក្នុងទំហំចំនួន ៩៦ ម៉ែត្រការ៉េ។
គោលបំណងនៃការចូលរួមនៅក្នុងព្រឹត្តិការណ៍តាំងពិរព័ណ៍នេះ គឺដើម្បីធ្វើពិពិធកម្មទីផ្សារ ដែលស្របទៅតាមគោលនបោយបាយរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍លើស្ដង់ដារ និងលក្ខខណ្ឌសុវត្ថិភាពចំណីអាហារ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការក្នុងជំរុញផលិតផលចូលទីផ្សារ និងការដាំដុះតម្រូវតាមទីផ្សារ។ គូសបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ ANUGA 2025 ត្រូវបានបង្កើតដំបូងឡើងតាំងពីឆ្នាំ ១៩១៩ ហើយមានការវិវត្តរីកចម្រើន និងក្លាយខ្លួនជាវេទិកាប្រមូលផ្ដុំដ៏សំខាន់ មួួយសម្រាប់ពិភពលោករបស់អ្នកជំនាញ និងអ្នកធ្វើការសម្រេចចិត្តលើ ការរៀបចំគោលនយោបាយផ្នែកចំណីអាហារ និងភេសជ្ជៈ។

គួរឱ្យដឹងថា ក្រុមហ៊ុននាំចេញទាំង ១៣ ដែលបានចូលរួមតាំងបង្ហាញផលិតផលនៅក្នុងព្រឹត្តិការណ៍ម្ហូបអាហារ ANUGA 2025 ស្ថិតក្រោមពន្លាសហព័ន្ធស្រូវអង្ករកម្ពុជា រួមមាន៖
១ ក្រុមហ៊ុន ហ្គោលដេន រ៉ាយស៍ (ខេមបូឌា)
២ ក្រុមហ៊ុន ឥណ្ឌូឆាយណា រ៉ាយស៍ មីល លីមីធីត
៣ ក្រុមហ៊ុន ហ្គោលដេន ស្ដារ រ៉ាយស៍ មីល អេន អុីមផត អិចផត
៤ ក្រុមហ៊ុន អេមរុ រ៉ាយស៍ (ខេមបូឌា)
៥ ក្រុមហ៊ុន កំពង់ធំ រ៉ាយស៍ មីល លីមីធីត
៦ ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អុីមផត អិចផត ខូអិលធីឌី
៧ ក្រុមហ៊ុន ដេលី ហ្រ្វេស ហ្វ៊ូដ (ខេមបូឌា) ឯ.ក
៨ ក្រុមហ៊ុន ឡ អៀកហេង សេកមាស រ៉ាយស៍
៩ ក្រុមហ៊ុន ស៊ីកនេតឈ័រ រ៉ាយស៍ ឯ.ក
១០ ក្រុមហ៊ុន ហ្គោលដិន ដូនកែវ រ៉ាយស៍ មីល
១១ ក្រុមហ៊ុន ហ្វេតរ៉ាយស៍ បាត់ដំបង អិលធីឌី
១២ ក្រុមហ៊ុន អៀង ហ៊ាង អុីមផត អិចផត ខូ អិលធីឌី
១៣ ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន
សម្រាប់ព័ត៌មានបន្ថែម: www.anuga.com
ពន្លាសហព័ន្ធស្រូវអង្ករកម្ពុជាដែលនឹងត្រូវដាក់តាំងបង្ហាញអង្ករកម្ពុជា (រូបតំណាង 3D) ដែលស្ថិតនៅស្ដង់ លេខ (STAND No-B-011/B-019) អាគារ 2.1 ស្ថិតនៅក្នុងមជ្ឈមណ្ឌលពិព័រណ៍ Koelnmesse, ទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់៕












