អភិបាលខេត្តតាកែវ សរសើរកសិដ្ឋានគីរីសួគ៌! ចាត់ទុកបញ្ហាបិទព្រំដែនកម្ពុជា-ថៃ ជា “ឱកាសមាស” សម្រាប់បង្កើនការគាំទ្រផលិតផលទឹកដោះគោស្រស់ក្នុងស្រុក

សង្គម​ និង​សេដ្ឋកិច្ច

តាកែវ៖ ឯកឧត្តម វុី សំណាង អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំ គណៈប្រតិភូខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះបំពេញទស្សនកិច្ចសិក្សាស្វែងយល់ដោយផ្ទាល់ អំពីសង្វាក់ផលិតកម្មផលិតទឹកដោះគោស្រស់នៅឯ កសិដ្ឋានគីរីសួគ៌ (Khmer Fresh Milk) ដែលមានទីតាំងស្ថិតនៅ តំបន់ភ្នំតាម៉ៅ ក្នុងស្រុកបាទី ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ ឯកឧត្តម វុី សំណាង បានថ្លែងកោតសរសើរយ៉ាងខ្លាំងចំពោះកសិដ្ឋានគីរីសួគ៌ ដែលប្រើប្រាស់ បច្ចេកទេសកសិកម្មទំនើបក្នុងការចិញ្ចឹមគោ និងផលិតទឹកដោះគោស្រស់។

ឯកឧត្តមបានគូសបញ្ជាក់ថា៖ «ក្នុងពេលបច្ចុប្បន្ននេះ បញ្ហាសង្គ្រាមឈ្លានពាន និងការបិទព្រំដែនដោយ ឯកតោ ភាគីពីយោធាថៃ គឺជាឱកាសមាស សម្រាប់ពាណិជ្ជករក្នុងស្រុកបង្កើនការផលិតទំនិញ សម្រាប់ផ្គត់ផ្គង់ ទីផ្សារ ជាតិ»។ ទោះជាយ៉ាងណា ឯកឧត្តមក៏បានសង្កត់ធ្ងន់ដែរថា ការផលិតត្រូវតែមាន គុណភាពខ្ពស់ និងតម្លៃសមរម្យ។ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរបន្តធ្វើ ពហិការមិនប្រើប្រាស់ទំនិញរបស់សៀម ហើយបែរមកគាំទ្រផលិតផលក្នុងស្រុកឱ្យបានផុលផុស ដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ។

បើតាមការបញ្ជាក់ពី លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk បានឱ្យដឹងថា បច្ចុប្បន្នកសិដ្ឋានគិរីសួគ៌មានសមត្ថភាពផលិតទឹកដោះគោស្រស់ចន្លោះពី ១២,០០០ ទៅ ១៥,០០០ លីត្រក្នុងមួយថ្ងៃ ដែលផ្គត់ផ្គង់បានប្រមាណ ២០% នៃចំណែកទីផ្សារកម្ពុជា។

លោកបានបង្ហាញសញ្ញាណៃភាពរីកចម្រើនយ៉ាងឆាប់រហ័សថា៖ «បច្ចុប្បន្ននេះ ផលិតផលទឹកដោះគោស្រស់គិរីសួគ៌ លក់សឹងមិនទាន់តម្រូវការទីផ្សារ ដោយយើងលក់អស់ពីស្តុកត្រឹមតែរយៈពេល ១ ម៉ោង ប៉ុណ្ណោះ មិនដូចកាលពីមុនដែលត្រូវចំណាយពេល ៣ ថ្ងៃទើបលក់អស់»។ នេះសបញ្ជាក់ឱ្យឃើញច្បាស់ថា ប្រជាពលរដ្ឋខ្មែរកំពុងតែងាកមកគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើនឡើង។

លោក ឈរ រិទ្ធី បញ្ជាក់បន្ថែមថា កសិដ្ឋានគិរីសួគ៌គឺជាកសិដ្ឋានខ្នាតធំថ្នាក់ជាតិដំបូងគេនៅកម្ពុជា ដែលមានសង្វាក់ផលិតកម្មទំនើប អាចផលិតទឹកដោះគោសុទ្ធស្រស់ប្រកបដោយគុណភាពខ្ពស់ និងជំនួយផ្នែកអាហារូបត្ថម្ភ។ បច្ចុប្បន្នកសិដ្ឋានគិរីសួគ៌មានគោសរុបជាង ១,០០០ ក្បាល និងមានគម្រោងពង្រីកចំនួនគោយកទឹកដោះឱ្យដល់ ៣,០០០ ក្បាល ដើម្បីបង្កើនផលិតកម្ម និងផលិតទឹកដោះគោវេចខ្ចប់ជាកញ្ចប់តូចៗសម្រាប់ផ្គត់ផ្គង់នៅតាមសាលារៀនផងដែរ។ កសិដ្ឋានដែលមានរោងចក្រកែច្នៃទឹកដោះគោ និងយ៉ាអួរប្រើប្រាស់បច្ចេកវិទ្យាខ្ពស់នេះ ដំណើរការលើផ្ទៃដីសរុបចំនួន ៣០០ ហិកតា៕