សភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ានបានបង្ហាញការចាប់អារម្មណ៍លើសក្តានុពលវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសការវិនិយោគលើវិស័យទេសចរណ៍។ នេះបើតាមរយៈជំនួបរវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក DATO Sohaimi Shahadan ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន កាលពីថ្ងៃទី២៨ នាទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី។

នាឱកាសនោះ វិស័យឯកជនកម្ពុជាក្នុងឧស្សាហកម្មទេសចរណ៍ និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មអាស៊ាន បានចែករំលែកអំពីគំនិតផ្តួចផ្តើមដែលជាធាតុចូលមានសារៈសំខាន់នៅក្នុងការពង្រឹងទេសចរណ៍មូស្លីម និងឱកាសវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា។
លោក ហួត ហាក់ បានលើកឡើងអំពីកត្តាសុខសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខនិងសណ្តាប់ធ្នាប់ល្អប្រសើរ, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹង និងបរិយាកាសអនុគ្រោះ និងការលើកទឹកចិត្តជាច្រើនសម្រាប់វិស័យឯកជន ជាពិសេសការវិនិយោគផ្ទាល់ពីបរទេស។
ជាលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបនេះ ក្រោមការសម្របសម្រួលពីក្រសួងទេសចរណ៍, សភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន បានឯកភាពក្នុងការនាំសមាជិករបស់ខ្លួនពី ៥០ ទៅ ១០០ក្រុមហ៊ុនដែលប្រកបរបរអាជីវកម្មលើវិស័យទេសចរណ៍ មានដូចជា សណ្ឋាគារ ភោជនីយដ្ឋាន បច្ចេកវិទ្យា ការបង្ហាញម៉ូត និងសេវាកម្មផ្សេងៗទៀត ទៅទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគថ្មីៗនៅកម្ពុជា។
ជាមួយគ្នានេះសមាគមទេសចរណ៍កម្ពុជា, សហព័ន្ធទេសចរណ៍កម្ពុជា និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា នឹងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មអាស៊ាន ដើម្បីជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍បន្ថែមទៀតផងដែរ៕



