ក្រសួងសារធារណការ និងដឹកជញ្ជូន បានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ បាន និងកំពុងប្រែក្លាយក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ។

ក្រសួងសារធារណការ បានបង្ហោះនៅលើហ្វេសប៊ុក នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ កំពុងប្រែក្លាយក្រុងសៀមរាបឱ្យស័ក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់តភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ។
សូមរម្លឹកថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ មានប្រវែងសរុប១០៨,៧៤ គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងបានសម្ពោធបើកប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២។
ការសាងសង់គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាបនេះដែរ បានប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៥០ លានដុល្លារអាមេរិក ដោយក្នុងនោះ ចំនួន ៩លានដុល្លារអាមេរិក បន្ថែមទៀតនឹងត្រូវចំណាយលើការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ផងដែរ៕ អត្ថបទ៖ហ្សាលីន




