ខេត្តកំពង់ស្ពឺ បន្តទទួលបានបង្កើតរោងចក្រផលិត ផ្គុំដំឡើងបរិក្ខារអគ្គិសនីបំភ្លឺ តម្លៃជាង ៦លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

នាពេលដ៏ខ្លីខាងមុខនេះ ខេត្តកំពង់ស្ពឺ នឹងមានរោងចក្រផលិត ផ្គុំដំឡើងបរិក្ខារអគ្គិសនីបំភ្លឺ និងសម្ភារៈបរិក្ខារអគ្គិសនីប្រើប្រាស់ក្នុងផ្ទះ ក្នុងទំហំទុនវិនិយោគប្រមាណ ៦,១លានដុល្លារអាម៉េរិក។នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

CDC បានប្រកាសចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិត ផ្គុំដំឡើងបរិក្ខារអគ្គិសនីបំភ្លឺ និងសម្ភារៈបរិក្ខារអគ្គិសនីប្រើប្រាស់ក្នុងផ្ទះ ក្នុងទំហំទុនវិនិយោគប្រមាណ ៦,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦០០កន្លែង។

CDC បានឱ្យដឹងបន្ថែមថា រោងចក្រផលិត ផ្គុំដំឡើងបរិក្ខារអគ្គិសនីបំភ្លឺ និងសម្ភារៈបរិក្ខារអគ្គិសនីប្រើប្រាស់ក្នុងផ្ទះ នឹងបោះទីតាំងស្ថិតនៅភូមិព្រៃកែស ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ហើយវិនិយោគដោយក្រុមហ៊ុន CAMBODIAN STARIA ELECTRIC PRODUCTS CO., LTD.។

សូមជម្រាបថា នៅក្នុងរយៈពេល៩ខែនៃ ឆ្នាំ២០២៥នេះវិញ CDC បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧,៨ប៊ីលានដុល្លារអាម៉េរិក គឺគម្រោងវិនិយោគមានការកើនឡើងចំនួន ២៣១គម្រោង ស្មើនឹងប្រមាណ ៧៣% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ ៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែល CDC បានចុះបញ្ជីគម្រោង វិនិយោគត្រឹមតែ ៣១៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៣ប៊ីលានដុល្លារអាម៉េរិក។

ជាការកត់សម្គាល់ ត្រឹមតែរយៈពេល៩ខែ CDC បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញ មួយឆ្នាំ២០២៤ រហូតដល់ទៅ ១៣២គម្រោង៕ អត្ថបទ៖ហ្សាលីន