ឯកឧត្ដម លី ធុជ៖ មិត្តភាពកម្ពុជា-សិង្ហបុរី មានឫសគល់រឹងមាំជាប្រវត្តិសាស្ត្រ ឈរលើការគោរព និងគាំទ្រគ្នាទៅវិញទៅមក

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងឱកាសអបអរសាទរខួបលើកទី៦១ នៃទិវាបុណ្យឯករាជ្យជាតិសិង្ហបុរី កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ដ្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ថា ទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងសិង្ហបុរី គឺជាមិត្តភាពដ៏យូរអង្វែងដែលមានឫសគល់រឹងមាំជាប្រវត្តិសាស្ត្រ ឆ្លងកាត់ទាំងដំណាក់កាលលំបាក និងការរីកចម្រើន ដោយឈរលើស្មារតីគោរព យោគយល់ និងគាំទ្រគ្នាទៅវិញទៅមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងពិធីដែលរៀបចំដោយ Singapore Club Cambodia ដោយមានការចូលរួមពី ឯកឧត្តម Steven Pang ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជាជាប្រទេសដំបូងៗដែលបានទទួលស្គាល់សិង្ហបុរីក្នុងឆ្នាំ១៩៦៥ ខណៈសិង្ហបុរីបានឈរជាមួយកម្ពុជាក្នុងការស្តារ និងកសាងប្រទេសឡើងវិញក្នុងទសវត្សរ៍១៩៩០។ ទំនាក់ទំនងជិតស្និទ្ធរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្ដមនាយករដ្ឋមន្ត្រី Lawrence Wong បាននិងកំពុងបន្តពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។

ជាចុងក្រោយ ឯកឧត្ដមបានសម្តែងការកោតសរសើរចំពោះគំរូអភិវឌ្ឍន៍របស់សិង្ហបុរី រយៈពេល ៦១ឆ្នាំមកនេះ ដែលបានជះឥទ្ធិពលជាវិជ្ជមានតាមរយៈការដឹកនាំប្រកបដោយវិន័យ ភាពស្មោះត្រង់ ការវិនិយោគលើធនធានមនុស្ស និងការតស៊ូជះឥទ្ធិពលលើសពីកម្រិតភូមិសាស្ត្រ ដើម្បីបង្កើតបាននូវការអភិវឌ្ឍដ៏អស្ចារ្យ៕