លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា និន្នាការយានយន្តអគ្គិសនីមានការកើនឡើង ជាក់ស្តែងរយៈពេល៨ខែ ឆ្នាំ២០២៥ យានយន្តEVចុះបញ្ជីសរុប៥៥៧១គ្រឿង។

តាមរយៈបណ្តាញសង្គមផ្លូវការរបស់លោក ផន រឹម នាថ្ងៃទី១៣ ខែតុលានេះ បានបញ្ជាក់យ៉ាងដូច្នេះថា «និន្នាការយានយន្តEVកើនឡើង.! រយៈពេល៨ខែ ឆ្នាំ២០២៥ យានយន្តEVចុះបញ្ជីសរុប៥៥៧១គ្រឿង(រថយន្ត៤២៥១គ្រឿង,ត្រីចក្រយាន១៦៧គ្រឿង,ទោចក្រយានយន្ត១១៥៣គ្រឿង)»។
សូមជម្រាបផងដែរថា ស្របតាមការកំណត់ទិសដៅជាក់លាក់ ដែលមានចែងនៅក្នុងរបាយការណ៍បច្ចុប្បន្នភាពនៃការរួមចំណែករបស់ជាតិ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹត្យកាបូននៅកម្ពុជាឆ្នាំ២០៥០ និងនិន្នាការនៃការប្រើប្រាស់យានយន្តអគ្គិសនី របស់ពិភពលោក និងក្នុងតំបន់ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយ, ផែនការយុទ្ធសាស្ត្រ និងវិធានការចាំបាច់នានា ដើម្បីឈានទៅសម្រេចបាននូវការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា ៤០% និងទោចក្រយានយន្ត (ម៉ូតូ) អគ្គិសនីក្នុងអត្រា ៧០% នៅឆ្នាំ២០៥០ផងដែរ។
ប្រទេសកម្ពុជា បានដាក់បង្ហាញគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយានយន្តអគ្គិសនី (EV) ឆ្នាំ២០២៤-២០៣០ ជាមួយនឹងគោលដៅចុះបញ្ជីយានយន្ដអគ្គិសនីចំនួន ៧៧ម៉ឺនគ្រឿង នៅឆ្នាំ ២០៣០ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួន៕


