សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា និងជប៉ុន បានឈានដល់កម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ខណៈកម្ពុជា និងជប៉ុន ក៏បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត។សម្តេចធិបតី ថ្លែងបែបនេះ ក្នុងជំនួបពិភាក្សាជាមួយលោក Tanaka Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប លោក Tanaka Akihiko បានកត់សម្គាល់ការរីកចម្រើនយ៉ាងច្រើនរបស់កម្ពុជា។លោកថា បន្តគាំទ្ររបស់ទីភ្នាក់ងារ JICA ចំពោះកិច្ចសហប្រតិបត្តិការជាច្រើន មានជាអាទិ៍៖ ការបោសសម្អាតមីន, និងការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ លោកបានថ្លែងបន្ថែមអំពីការផ្តល់ឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុន ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធ និងគម្រោងពង្រីកប្រព័ន្ធបញ្ជូន និងចែកចាយអគ្គិសនីក្នុងរាជធានីភ្នំពេញ (ដំណាក់កាលទី៣)ផងដែរ។
ជាការឆ្លើយតប សម្តេចធិបតីបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ជប៉ុន ក្នុងការកសាងសុខសន្តិភាពនៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា រហូតមកដល់សព្វថ្ងៃនេះ។
សម្តេចធិបតី បន្តថា ទំនាក់ទំនងកម្ពុជា និងជប៉ុន បានឈានដល់កម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជឿជាក់ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុននឹងត្រូវបានជំរុញនិងពង្រឹងឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត។ សម្តេចធិបតីក៏ថ្លែងអំណរគុណ JICA ដែលបានរួមចំណែកគាំទ្រដល់មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ដូចជា ការបោសសម្អាតមីន ការបណ្តុះបណ្តាលធនធានមនុស្ស និង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាដើម។
សូមជម្រាបថា តាមរយៈជំនួបខាងលើ សម្តេចធិបតី និងប្រធាន JICA ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មានវិទ្យា និងឌីជីថលូបនីយកម្ម ក៏ដូចជាការបន្តលើកកម្ពស់ទំនាក់ទំនងប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរផងដែរ៕ អត្ថបទ៖ហ្សាលីន


