រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ បានបង្ហាញបច្ចុប្បន្នភាពនៃការតភ្ជាប់ជើងហោះហើររវាងកម្ពុជា ជាមួយតំបន់មជ្ឈិមបូព៌ា ក្រោយផ្ទុះសង្រ្គាមរវាងអ៉ីរ៉ង់ និងអាមេរិក-អ៉ីស្រាអែល ហើយតាមការវាយតម្លៃបឋម សង្គ្រាមនេះបានប៉ះពាល់ដល់ចរាចរណ៍អ្នកដំណើរចេញចូលកម្ពុជាជាង ៥ម៉ឺននាក់ក្នុងមួយខែ។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវត្ថា បានឲ្យដឹងថា ការកើនឡើងនៃសកម្មភាពជម្លោះយោធាថ្មីៗនៅតំបន់មជ្ឈិមបូព៌ា ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២៨កុម្ភៈមក បណ្តាលឱ្យមានការបិទដែនអាកាសជាបណ្តោះអាសន្ន រំខានប្រតិបត្តិការនៅអាកាសយានដ្ឋានមជ្ឈមណ្ឌលសំខាន់ៗក្នុងតំបន់ឈូងសមុទ្រ (Gulf), ការប្តូរផ្លូវហោះហើរនៅលើច្រកអាកាសចរណ៍រវាងអឺរ៉ុប–អាស៊ី និងការកើនឡើងនៃចំណាយប្រេងឥន្ធនៈ និងថ្លៃធានារ៉ាប់រងហានិភ័យសង្គ្រាម។
ទោះបីជាកម្ពុជាមានភូមិសាស្ត្រ ស្ថិតនៅឆ្ងាយពីតំបន់ជម្លោះក៏ដោយ តំបន់មជ្ឈិមបូព៌ានៅតែមានតួនាទីសំខាន់ជាស្ពានដឹកជញ្ជូនអន្តរជាតិ ដែលតភ្ជាប់អឺរ៉ុប អាហ្វ្រិក និងអាមេរិកខាងជើង មកកាន់តំបន់អាស៊ីអាគ្នេយ៍។

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលរូបនេះបានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាការតភ្ជាប់ដោយផ្ទាល់ ឬ ដោយប្រយោលទៅកាន់តំបន់មជ្ឈិមបូព៌ា តាមរយៈមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់ (Hubs) ឈូងសមុទ្រ ដោយក្រុមហ៊ុនអាកាសចរណ៍មួយចំនួនរួមមាន Qatar Airways, Emirates Airlines និង Etihad Airways បានតភ្ជាប់ជើងហោះហើរអាកាសយានដ្ឋានកម្ពុជា។ ក្រុមហ៊ុនអាកាសចរណ៍ទាំងនេះ មានតួនាទីសំខាន់ និងជាបណ្តាញតភ្ជាប់សំខាន់របស់កម្ពុជាទៅកាន់ អឺរ៉ុប អាមេរិកខាងជើង អាហ្វ្រិក និងទេសចរណ៍ចូលមកពីតំបន់មជ្ឈិមបូព៌ា។
លោកបានបញ្ជាក់បន្ថែមថា មជ្ឈមណ្ឌលអាកាសចរណ៍ (Hubs) ទាំងនេះ បម្រើជាច្រកផ្លាស់ប្តូរជើងហោះហើរ សម្រាប់ចរាចរណ៍អ្នកដំណើរចូល និងចេញពីកម្ពុជា។ តាមការប៉ាន់ស្មានផលប៉ះពាល់ជាអវិជ្ជមានបឋម អាចមានអ្នកដំណើរ ប្រហែល ១២,៩៦០ នាក់ ក្នុងមួយសប្ដាហ៍ និង ប្រហែល ៥១,៨៤០ នាក់ ក្នុងមួយខែ។
យ៉ាងណាមិញ ប្រទេសកម្ពុជានៅតែមានសុវត្ថិភាព និងមានដំណើរការជាប្រក្រតី និងមិនរងផលប៉ះពាល់ពីទស្សនៈសន្តិសុខ ឬការគ្រប់គ្រងដែនអាកាសឡើយ។ អាកាសយានដ្ឋាន និងដែនអាកាសជាតិនៅតែបន្តដំណើរការតាមស្ថានភាពធម្មតា៕


