លោក សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ចនិងជាប្រធានគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាព(ACSEP) បញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៥ គម្រោង ACSEP បានផ្តល់កម្ចីជូនអតិថិជនគោលដៅបានចំនួន៦៦០អតិថិជន ដែលមានទំហំថវិកាមានជិត១៤លានដុល្លារ នៃទំហំឥណទានសរុប១៦លានដុល្លារ។

លោក សុខ ដារ៉ា លើកឡើងបែបនេះនៅក្នុង វេទិកាស្តីពីការ ផ្គូផ្គងនិងពិធីបង្ហាញផលិតផលកសិកម្មក្រោមឥណទានគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្មសមាសភាគទី១ កាលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។
លោកបន្តទៀតថា និយ័តករបរធនបាលកិច្ចដែលជាអង្គភាពអនុវត្តគម្រោងបានដំណើការសកម្មភាពការងាររបស់ខ្លួនប្រកបដោយរលូនជាមួយនិងលទ្ធផលជាវិជ្ជមាន។ តួយ៉ាង៖ ១)គិតត្រឹមថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៥ គ្រឹះស្ថានហិរញ្ញវត្ថុដៃគូចំនួន២ទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB សម្រាប់ផ្តល់កម្ចីជូនទៅអតិថិជនរបស់គម្រោងបានជិត១៦លានដុល្លារ ឬប្រហែល៣១ភាគរយនៃទំហំឥណទានគ្រោងសរុប៥១លានដុល្លារ។២)ផ្តល់កម្ចីជូនអតិថិជនគោលដៅនៅក្នុងគម្រោងបានចំនួន៦៦០អតិថិជន ជាមួយទំហំថវិកាចំនួន១៤លានដុល្លារ ឬប្រហែល៨៧ភាគរយនៃទំហំឥណទានដែលទទួលបានពីធនាគារ ADB។ ៣)ទំហំឥណទានដែលនៅសល់មិនទាន់ស្នើសុំពីធនាគារADBចំនួន៣៥លានដុល្លារនិង ៤) ប្រតិបត្តិការឥណទានសម្រាប់ខេត្តថ្មីចំនួន៥ កំពុងមានវឌ្ឍនភាព ហើយនៅសព្វថ្ងៃមានខេត្តចំនួន៤បានផ្តល់កម្ចីជូនអតិថិជនរួចហើយ។

លោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជានាយកគម្រោង ACSEPមានប្រសាសន៍ថា គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម គឺជាគម្រោងផ្តួចផ្តើមឡើងដោយរាជរដ្ឋាភិបាល ក្នុងគោលបំណងសំដៅចូលរួមចំណែកក្នុងការពង្រឹងខ្សែច្រវាក់តម្លៃនៃផលិតផលកសិកម្មដែលមានលក្ខណៈប្រកួតប្រជែងមួយចំនួនដូចជា ដំឡូងមី ផ្លែស្វាយ ស្វាយចន្ទី បន្លែ និងមាន់ ស្ថិតនៅក្នុងខេត្តចំនួន៦ ប៉ុន្តែនៅក្នុងឆ្នាំ២០២៥ ត្រូវបានពង្រីកវិសាលភាពនៃគារអនុវត្តបន្ថែមខេត្តចំនួន៥ថែមទៀត។
លោកបន្តថា បច្ចុប្បន្នគម្រោងមានទំហំឥណទានសរុបចំនួន៥១លានដុល្លារ ហើយទំហំឥណទាននេះអាចនឹងបង្កើនថែមទៀតក្រោយការអនុវត្តគម្រោងដោយជោគជ័យជំហានទី១ ដែលនឹងជួយសម្រួលដល់ក្រុមអ្នកទទួលផលពីការផ្តល់កម្ចីជាមួយអត្រាការប្រាក់ទាប និងមានលក្ខខណ្ឌអនុគ្រោះតាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុអន្តរការីដែលបច្ចុប្បន្នមានធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារស្ថាបនា៕



