មន្រ្តីជាន់ខ្ពស់សិង្ហបុរី ប្តេជ្ញានឹងជំរុញទំនាក់ទំនងជាមួយកម្ពុជាឱ្យឈាន​ឡើងមួយជំហ៊ានទៀត

សង្គម​និង​សេដ្ឋកិច្ច

លោក ធាវ ឈីហាន ( Teo Chee Hean ) ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីសម្របសម្រួលសន្ដិសុខជាតិសិង្ហបុរី ​បានបង្ហាញការអបអរសាទរជូនដល់​កម្ពុជា ដែលបានរៀបចំនូវព្រឹត្តិការណ៍ស៊ីហ្គេមបានយ៉ាងរលូន ​បានយ៉ាង​អស្ចារ្យ និងជោគជ័យ។ទន្ទឹមគ្នានេះ លោក ក៏បានបង្ហាញការប្តេជ្ញាចិត្តថា នឹងខិតខំជំរុញទំនាក់ទំនងជាមួយកម្ពុជាឱ្យឈានឡើងមួយជំហ៊ានទៀតផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នេះ។

 នៅក្នុងជំនួបនេះលោក ធាវ ឈីហ៊ាន បានគោរពសម្ដែងនូវការ អបអរសាទរជូនដល់​សម្ដេចតេជោ ដែលបានរៀបចំនូវព្រឹត្តិការណ៍ស៊ីហ្គេមបានយ៉ាងរលូន ​បានយ៉ាង​អស្ចារ្យ និងជោគជ័យ ខណៈលោកថា កីឡាករ កីឡាការិនី និងអ្នកដែលមកចូលរួម គឺបានទទួលនូវការរីករាយ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ។

ជាមួយគ្នានេះ លោក ធាវ ឈីហ៊ាន ក៏បានគោរពជម្រាបខ្លួន​សម្ដេចតេជោថា ក្នុងដំណើរទស្សនកិច្ចរបស់​ឯកឧត្តម​មកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីជំរុញទំនាក់ទំនងរវាងប្រទេស​ទាំងពីរ​ឱ្យឈាន​ឡើងមួយជំហ៊ានទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជន​សិង្ហបុរី ដែលបានបញ្ជូនកីឡាករ កីឡាការិនី​មកចូលរួមប្រកួតស៊ីហ្គេមនៅកម្ពុជា​។សម្តេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ​ជូនដល់រដ្ឋាភិបាលសិង្ហបុរី ដែលបានគាំទ្រកម្ពុជា​ក្នុងឱកាសដែលកម្ពុជារៀបចំនិងដឹកនាំកិច្ចប្រជុំកំពូល​និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅព្រះរាជាណា​ចក្រ​កម្ពុជា​ហើយពាក់ព័ន្ធនឹងការជំរុញទំនាក់ទំនង​រវាងប្រទេសទាំងពីរ ដើម្បីឈានឡើងមួយជំហាន​ថែមទៀតនោះ។

ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការ ដែល មាន​ស្រាប់​រវាង​ប្រទេសទាំងពីរ ​ទំនាក់ទំនងរវាងប្រទេសទាំងពីរ ​ហើយក៏បានលើកទឹកចិត្តឲ្យភាគីទាំង​ពីរ​ពិនិត្យមើលការជំរុញការអនុវត្តតាមកិច្ចព្រមព្រៀង និងអនុស្សាណៈដែលបានចុះហត្ថលេខាហើយ ជាពិសេសលើវិស័យថាមពល និងវិស័យទីផ្សារកាបោន ខណៈសម្តេចក៏បានលើកទឹកចិត្តឱ្យមានការពិនិត្យមើលលទ្ធភាពក្នុងការធ្វើកិច្ច សហប្រតិបត្តិការលើវិស័យ​ ដទៃទៅទៀត ដែលអាចធ្វើទៅបានផងដែរ៕ អត្ថបទ៖ ពិសី