សហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជំរុញការនាំចេញ ដំឡូងមីស្រស់ពីកម្ពុជាប្រមាណ៩លានតោនក្នុង១ឆ្នាំ។

ការចុះអនុស្សរណៈនេះ បានធ្វើឡើងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតី លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងស្ថានទូតវៀតណាមនៅកម្ពុជា សហព័ន្ធដំឡូងមីកម្ពុជា សមាគមដំទ្បូងមីវៀតណាម តំណាងធនាគារ ARDB, ធនាគារ SME, និងក្រុមហ៊ុនប្រមូលទិញដំឡូងមីកម្ពុជា និងវៀតណាម ព្រមទាំងដៃគូអភិវឌ្ឍន៍ ជាច្រើនទៀត។
ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណង ពង្រឹង និងកែលម្អផលិតកម្ម ការកែច្នៃ និងជំរុញការទិញលក់ដំឡូងមីរវាងកម្ពុជា និងវៀតណាម ដែលតាមរយៈនេះ នឹងជំរុញការនាំចេញ ដំឡូងមីស្រស់ពីកម្ពុជាប្រមាណ៩លានតោនក្នុង១ឆ្នាំ។

សូមញ្ជាក់ជូនថា នាឱកាសនោះ ក៏មានការចុះកិច្ចសន្យាទិញលក់រវាងក្រុមហ៊ុនប្រមូលទិញដំទ្បូងមីកម្ពុជា-វៀតណាមចំនួន៤ ដែលនឹងទទួលទិញដំឡូងមីស្រស់ពីកម្ពុជា ក្នុងរង្វង់ជាង៣លានតោនក្នុង១ឆ្នាំ ផងដែរ។
សូមជម្រាបជូនដែរថា បើយោងទៅតាមក្រសួងកសិកម្ម ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ការនាំចេញដំឡូងមីស្រស់របស់កម្ពុជាសម្រេចបាន ១,០៨ លានតោន មានការធ្លាក់ចុះជាង ១៦%, ចំណែកចំណិតដំឡូងមី កើន ៣៣,៧០% និងម្សៅដំឡូងមី កើនឡើង ១,៦៧%៕



