មន្ត្រីជំនាញ៖ អនុស្សរណៈយោគយល់នាំចេញដំឡូងមីកម្ពុជា៩លានតោនក្នុងមួយឆ្នាំ នឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៥

សង្គម​ និង​សេដ្ឋកិច្ច

មន្ត្រីជំនាញរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នារវាងសហព័ន្ធដំឡូងមីកម្ពុជាជាមួយសមាគមដំឡូងមីវៀតណាមដែលធ្វើឡើងកាលពីថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៥ ដែលមានគោលបំណង ពង្រឹង និងកែលម្អផលិតកម្ម ការកែច្នៃ នឹងជំរុញការនាំចេញ ដំឡូងមីស្រស់ពីកម្ពុជាប្រមាណ៩លានតោនក្នុង១ឆ្នាំ បើពុំមានការប្រែប្រួលនោះទេនិងចាប់ផ្តើមនៅចុងឆ្នាំ២០២៥នេះហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកទទួលបន្ទុកខាងវិស័យដំឡូងមីមានប្រសាសន៍ថា ការចុះអនុស្សរណៈយោគយល់រវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាមចំនួន៩លានតោនក្នុងមួយឆ្នាំនេះ មានសុពលភាពរយៈពេល៥ឆ្នាំ ហើយនៅក្នុងមួយឆ្នាំៗ និងមានការបង្កើនការលក់បន្ថែមពីបរិមាណដំឡូងមីសរុបចន្លោះ៥ទៅ១០%ជារៀងរាល់ឆ្នាំ ។

បើតាមលោក វ៉ា រុតសាន អនុស្សរយៈយោគយល់រវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាមដែលបរិមាណ៩លានតោនក្នុងមួយឆ្នាំនេះ គឺមានសុពលភាពរយៈពេល៥ឆ្នាំ និងអាចចាប់ផ្តើមនៅចុងឆ្នាំ២០២៥នេះ។

ទាក់ទងនិងដំឡូងមីនេះដែរ បើតាមប្រធានសមាគមកសិករដំឡូងមីខ្មែរ បានយល់ឃើញថា ការនាំចេញដំឡូងមីកម្ពុជាទៅប្រទេសវៀតណាមក្នុងមួយឆ្នាំៗមានប្រហាក់ប្រហែល៩លានតោនក្នុងមួយឆ្នាំៗ ហើយការចុះកិច្ចសន្យារវាងសហព័ន្ធដំឡូងមីកម្ពុជានិងសមាគមដំឡូងមីវៀតណាមកន្លងមកនេះធ្វើឡើងដើម្បីផ្តល់ទំនុកទុកចិត្តដល់បងប្អូនកសិករដាំដុះដំឡូងមី កុំឱ្យគាត់បារម្ភនៅពេលបិទច្រកព្រំដែនជាមួយប្រទេសថៃ សម្រាប់កម្ពុជាក៏នៅតែមានទីផ្សារលក់ដំឡូងមីក្នុងមួយឆ្នាំពី៨ទៅ៩លានតោនដែរ។

លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរបានឱ្យដឹងថា “បើយើងមើលទៅលើកិច្ចសន្យាទិញ លក់ដំឡូងមីកម្ពុជាចំនួន៩លានតោនក្នុងមួយឆ្នាំ រវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណានេះ គឺមានបរិមាណមួយដ៏ច្រើន។ ដូចនេះបើសិនដំឡូងមីកម្ពុជាអាចនាំចេញទៅប្រទេសវៀតណាមបាន៩លានតោន ដូចនៅក្នុងកិច្ចសន្យាពិតមែន មានន័យថាយើងទទួលបានជោគជ័យធំមែនទែន”។

ដោយឡែកពាក់ព័ន្ធនិងទីផ្សារ លោក អិល ឈិញ មើលឃើញថា បច្ចុប្បន្នកម្ពុជាមានច្រកលក់ដំឡូងមីចំនួន៣៖ ១) ការនាំចេញដំឡូងមីទៅទីផ្សារប្រទេសវៀតណាមចំនួន៩លានតោន , ២)នាំចេញដំឡូងមីស្រស់តាមកិច្ចសន្យាឆ្នាំ២០២៥ -២០២៦ទៅចិនចន្លោះពី២០ម៉ឺនតោនទៅ៥០ម៉ឺនតោន និង៣)ការប្រើប្រាស់ក្នុងស្រុកក៏មានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ផ្នែកលើច្រកលក់ចេញទាំង៣នេះ បើវាដំណើរការទៅដោយរលូន គឺគ្មានដំឡូងមីនៅសល់នោះទេ៕