ការបើកការិយាល័យថ្មីតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងអូក្លិន ជាការបើកទំព័រថ្មីនៃពាណិជ្ជកម្មទ្វេភាគីកម្ពុជា-នូវ៉ែលហ្សេឡង់

សង្គម​ និង​សេដ្ឋកិច្ច

ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងអូក្លិន (Auckland) ប្រទេសនូវ៉ែលហ្សេឡង់ បានប្រកាសបើកជាផ្លូវការ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ។ ខណៈការបើកការិយាល័យថ្មីនេះកម្ពុជាជឿជាក់ថា ជាការបើកទំព័រថ្មីនៃពាណិជ្ជកម្មទ្វេភាគីកម្ពុជា-នូវ៉ែលហ្សេឡង់។ នេះបើតាមធនាគារ ARDB នាថ្ងៃទី៣១ ខែតុលា​ ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិក និងជាតំណាងគណៈកម្មការបោះឆ្នោតជ្រើសតាំងសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មប្រចាំទីក្រុងអូក្លិនប្រទេសនូវ៉ែលហ្សេឡង់ ព្រមទាំងគណៈប្រតិភូ ក៏បានអញ្ជើញចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនៅទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់នេះផងដែរ។ ដោយលោកថាព្រឹត្តិការណ៍នេះគឺជាជំហានថ្មីមួយដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្រក្នុង ការពង្រីកបណ្តាញសេដ្ឋកិច្ចរបស់កម្ពុជាទៅកាន់តំបន់ប៉ាស៊ីហ្វិក និងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសនូវ៉ែលហ្សេឡង់។

ក្នុងឱកាសនោះ លោក កៅ ថាច បានធ្វើការគូសរំលេចពីសារៈសំខាន់នៃការបង្កើតការិយាល័យតំណាងនៅទីក្រុងអូក្លិនដោយត្រូវបានគេមើលឃើញថាជា ការវិនិយោគទុនការទូតសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា។ នូវ៉ែលហ្សេឡង់ត្រូវបានទទួលស្គាល់ថាជាមហាអំណាចមួយក្នុងវិស័យកសិកម្ម បច្ចេកវិទ្យាកសិកម្មទំនើប និងការកែច្នៃចំណីអាហារ ដែលជាវិស័យអាទិភាពក្នុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកគូសបញ្ជាក់ថា ការិយាល័យថ្មីនេះនឹងដើរតួនាទីជាទីប្រឹក្សា និងជាស្ពានតភ្ជាប់ដ៏មានប្រសិទ្ធភាព ក្នុងការផ្សព្វផ្សាយនិងទាក់ទាញវិនិយោគជាកន្លែងផ្តល់ព័ត៌មានលម្អិតអំពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា ភាពអនុគ្រោះពន្ធក្រោមក្របខ័ណ្ឌតំបន់ និងសកល (RCEP) និងសក្តានុពលនៃការវិនិយោគទៅលើវិស័យកែច្នៃកសិផល ឧស្សាហកម្ម និងបច្ចេកវិទ្យា, ជំរុញការនាំចេញ៖ បង្កើតវេទិកាសម្រាប់ផលិតផលកសិកម្ម និងសិប្បកម្មរបស់កម្ពុជា ឱ្យអាចជ្រៀតចូលទៅក្នុងទីផ្សារនូវ៉ែលហ្សេឡង់ ដែលផ្តោតលើគុណភាពខ្ពស់ និងសុវត្ថិភាពម្ហូបអាហារ។ លើសពីនេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការ៖ ភ្ជាប់ទំនាក់ទំនងរវាងធុរជននិងធុរជន (B2B) និងស្វែងរកឱកាសបណ្តុះបណ្តាលដើម្បីផ្ទេរបច្ចេកវិទ្យាទំនើបៗមកកម្ពុជា។

ជាមួយគ្នានោះ លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់ បានប្តេជ្ញាថានឹងប្រើប្រាស់បទពិសោធន៍ ជំនាញ និងបណ្តាញទំនាក់ទំនងផ្ទាល់ខ្លួនទាំងអស់ ដើម្បីធ្វើឱ្យការិយាល័យតំណាងរបស់យើងនៅអូក្លិននេះ ក្លាយជាស្ពានតភ្ជាប់ប្រកបដោយប្រសិទ្ធភាពបំផុត។ លោកនឹងជំរុញការផ្សព្វផ្សាយអំពីសក្តានុពល «កសិកម្មស្អាត» និង «ទំនិញមានគុណភាព» របស់កម្ពុជា ទៅកាន់ទីផ្សារនូវ៉ែលហ្សេឡង់ និងតំបន់ប៉ាស៊ីហ្វិក ដោយឈរលើគោលការណ៍តម្លាភាព។ លើសបីនេះ លោកនឹងខិតខំធ្វើការជាមួយវិនិយោគិនដើមកំណើតខ្មែរនៅទីនេះ ដើម្បីបង្វែរមនោសញ្ចេតនាមាតុភូមិ ឱ្យក្លាយជាទុនវិនិយោគពិតប្រាកដ ត្រឡប់ទៅបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចជាតិមាតុភូមិវិញ៕