រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា «តម្លាភាព និងយុត្តិធម៌» គណៈកម្មការរៀបចំការប្រឡងប្រជែងតែងតែប្រកាន់ខ្ជាប់ជាប្រចាំ

សង្គម​ និង​សេដ្ឋកិច្ច

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានគូសបញ្ជាក់ថា គណៈកម្មការរៀបចំការប្រឡងប្រជែងតែងតែប្រកាន់ខ្ជាប់ជាប្រចាំនូវតម្លាភាព និងយុត្តិធម៌។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើកឡើងនៅក្នុងឱកាសជួបសំណេះសំណាល និងជ្រើសរើសកន្លែងការងារបេក្ខជនប្រឡងជាប់ស្ថាពរជាគ្រូបង្រៀងផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ ក្នុងទីតាំងភូមិសាស្រ្តរដ្ឋបាលខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តតាកែវ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងថា បេក្ខជន និងគណៈកម្មការទាំងអស់ នឹងមើលឃើញជាក់ស្តែងជាមួយគ្នានូវការបែងចែកប៉ុស្តិ៍នីមួយៗ និងជ្រើសរើសផ្អែកលើគោលការណ៍អាទិភាពដូចជា អាទិភាពសម្រាប់គ្រូជាប់កិច្ចព្រមព្រៀងការងារ និងអាទិភាពតាមលំដាប់ពិន្ទុជូនបេក្ខជនជ្រើសរើសជាបន្តបន្ទាប់។

លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «នៅពេលដែលប្អូនៗត្រឡប់ទៅផ្ទះវិញ ប្អូនៗនឹងដឹងថា អ្នកណានឹងទៅបង្រៀនគោលដៅណា អ្នកណានឹងទៅបង្រៀនគោលដៅណា ដែលនេះគឺជាតម្លាភាព និងយុត្តិធម៌ ដែលគណៈកម្មការរៀបចំការប្រឡងប្រជែងតែងតែប្រកាន់ខ្ជាប់ជាប្រចាំ»

សូមជម្រាបជូនថា ពិធីជួបសំណេះសំណាល និងជ្រើសរើសកន្លែងការងារបេក្ខជនប្រឡងជាប់ស្ថាពរជាគ្រូបង្រៀងផ្អែកលើកិច្ចព្រមព្រៀងការងារ ខាងលើនេះ រៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា និងប្រព្រឹត្តទៅរយៈពេល១ថ្ងៃពេញ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីភាគីពាក់ព័ន្ធរួមមាន មន្ទីរមុខងារសាធារណៈ មន្ទីរអប់រំ យុវជន និងកីឡា ការិយាល័យអប់រំ យុវជន និងកីឡានៃខេត្តទាំង៥, ក្រុមការងារគណៈកម្មការរៀបចំការប្រឡងប្រជែង, ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងបេក្ខជនប្រឡងជាប់ជាស្ថាពរ សរុបប្រមាណ ៣,២០០នាក់៕