ក្នុងរយៈពេល១០ខែមកនេះ គ្រឹះស្ថានអង្គររកចំណូលបានជាង ៣៥លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ឱ្យភ្ញៀវទេសចរអន្តរជាតិជាង៧៦ម៉ឺននាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានប្រចាំខែរបស់គ្រឹះស្ថានអង្ករ។

របាយការណ៍គ្រឹះស្ថានអង្គរបានឱ្យដឹងថា រយៈពេល១០ខែ ឆ្នាំ២០២៥នេះ ចំនួនភ្ញៀវទេសចរទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៧៦៥ ៥១៨នាក់ ធ្លាក់ចុះ ១,១២% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ចំណែកឯចំណូលវិញមាន ៣៥ ៥៧៥ ៧៨១ដុល្លារ ធ្លាក់ចុះ ១,១៥% បើធៀបនឹងឆ្នាំ២០២៤។
ដោយឡែក សម្រាប់ខែតុលាវិញ ទេសចរទិញសំបុត្រមានចំនួន ៦០ ២៤៩នាក់ ថយចុះ ១៨,៩៧% និងចំណូលទទួលបាន ២ ៨៦៦ ៨៧៣ដុល្លារ ថយចុះ ១៧,២៧% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។
គួរបញ្ជាក់ថា សម្រាប់ការលក់សំបុត្រចូលទស្សនា ប្រាសាទកោះកែ គិតចាប់ពីខែមករា រហូតដល់ខែតុលា ឆ្នាំ២០២៥ ទទួលបានចំណូលប្រមាណជាង២៣ម៉ឺនដុល្លារ។ ចំណែកចំណូលពីការលក់សំបុត្រទូកវិញ មានជាង១លានដុល្លារ។
សូមបញ្ជាក់ដែរថា ក្នុងរយៈពេល១០ខែដើមឆ្នាំនេះ រាជរដ្ឋាភិបាលបានឧបត្ថម្ភថវិកាដែលប្រមូលបានពីវិស័យទេសចរណ៍នេះចូលទៅក្នុងមូលនិធិនៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាជាង១,៥លានដុល្លារ ដើម្បីជួយទ្រទ្រង់ក្នុងមូលនិធិសម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕


