ថ្ងៃមង្គលការចៅស្រីលោក ជា សុផារ៉ា ត្រៀមលំអរផ្កាស្បៃរឿង១លានទង ដាំដោយផ្ទាល់ដៃ

សង្គម​និង​សេដ្ឋកិច្ច

ចៅស្រីរបស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ម្នាក់​ទៀត​ឈ្មោះ​ថា “អ៊ាង និធិជ្ជនី ដឺណេ” ​​នឹង​ត្រូវ​​​រៀប​អាពាហ៍ពិពាហ៍​នៅ​ថ្ងៃទី​០៤-០៥ ខែ​ធ្នូ ឆ្នាំ២០២២ ខាង​មុខ​នេះ ​​ខណៈ​ដែល​​​លោក អ៊ាង សុផល្លែត ដែល​ត្រូវ​ជា​ឪពុក​របស់​កូន​ក្រមុំ បាន​​ត្រៀម​​​ផ្កា​ស្បៃរឿង​​ចំនួន ១​លាន​ទង ដាំ​ដោយ​ផ្ទាល់​ដៃ​តែ​ម្តង ដើម្បី​តែង​លំអរ​ក្នុង​រោង​ពិធី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​​​លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ​​បានជ្រើសយកការដាំផ្កាស្បៃរឿងប្រមាណ ១លានទង ដោយផ្ទាល់ដៃ​នេះ គឺ​ដើម្បី​​​បង្ហាញ​ពី​ក្តី​ស្រឡាញ់​ដ៏​ធំធេង​ចំពោះ​កូនស្រី និង​ចង់បង្ហាញដែរថា ផ្កាប្រើប្រាស់សម្រាប់តាំងលំអរក្នុងពិធីមង្គលការ ឬពិធី​ផ្សេងៗ គឺយើងអាចដាំបានដោយខ្លួនឯង ដោយ​ពុំ​ចាំបាច់​យក​ពី​បរទេស ជាពិសេស​គឺ​អាច​​ជួយ​ផ្តល់ការងារ​​ដល់​ប្រជាជន​កម្ពុជា​បាន​ទៀត​ផង។

សូមបញ្ជាក់ថា កូនស្រីរបស់លោក អ៊ាង សុផល្លែត និង​លោកជំទាវ ជា សុផាកន្នី ឈ្មោះ “អ៊ាង និធិជ្ជនី ដឺណេ” ​​នឹង​ត្រូវ​អាពាហ៍ពិពាហ៍​ជាមួយ​នឹង​កូនកំលោះ​ឈ្មោះ​ថា “ប៉ែន សំអាត សុទ្ធចិត្ត” ដែលជាកូនប្រុស​របស់​លោក​ជំទាវ ហាក់ ស្រីទូច និង​លោក​​​បណ្ឌិត​ ប៉ែន សំអាត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយ​លោក​ក៏​​​​​​​ធ្លាប់​កាន់​​តួនាទី​ជា​​អគ្គ​នាយករង​គយនិងរដ្ឋាករ​កម្ពុជា។

តាមកម្មវិធីគ្រោងទុក អាពាហ៍ពិពាហ៍​ខាង​លើ​នេះ នឹងត្រូវរៀបចំរយៈពេលពីរថ្ងៃនៅភូមិគ្រឹះ​របស់លោក​ឧប​នាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលត្រូវជាជីតា​របស់កូន​ក្រមុំ ខណៈ​ដែល​​​ពិធីញ៉ាំ​អាហារ​ពេលល្ងាច នា​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ២០២២​ នឹង​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ​ជ្រោយ​ចង្វារ។

គួរ​រំឭក​ថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ​កន្លង​ទៅ ចៅស្រីរបស់​លោក​ ជា សុផារ៉ា ​​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ម្នាក់​​មាន​ឈ្មោះ​​ថា​ ផន សុផានីសា ​​បាន​រៀបការ​ជាមួយ​​កូន​កំលោះ​មាន​ឈ្មោះ​ថា អ៊ឹង ឬទ្ធី ដែល​ជា​កូន​ប្រុស​របស់​​​អ្នកឧកញ៉ា លាង ម៉េង ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង គ្រុប ​​និង​បាន​ធ្វើ​ឱ្យ​កក្រើក​បណ្តាញ​សង្គម​នៅ​កម្ពុជា​ផងដែរ៕

សូម​ទស្សនាវីដេអូ​ខាង​ក្រោម៖​​