សម្តេចធិបតី ប្រាប់ឱ្យក្រសួងអប់រំ ហាមឃាត់ការលក់ផលិតផលភេសជ្ជៈប៉ូវកម្លាំងនៅតាមសាលារៀន

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវពង្រឹងវិធានការហាមឃាត់ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងនិងជុំវិញបរិវេណគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅ ដើម្បីពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាពសិស្សានុសិស្ស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះយោងតាមសារលិខិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី១២ (៦ វិច្ឆិកា ២០១៤ – ៦ វិច្ឆិកា ២០២៥) ក្រោមប្រធានបទ «អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ»។

នៅក្នុងលិខិតខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់នូវអនុសាសន៍សំខាន់ៗចំនួន១១ចំណុច ដោយក្នុងនោះបានណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាព ចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅសាធារណៈនិងឯកជន និងហាមឃាត់ការទទួលទាន ការចែកចាយ ការដាក់តាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងនិងជុំវិញបរិវេណគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅ។

សម្តេចបានបន្តថា ក្រសួងអប់រំត្រូវបន្តលើកកម្ពស់ការអប់រំអាហារូបត្ថម្ភដល់ សិស្សានុសិស្ស តាមរយៈកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងការ ផ្តល់សេវាអប់រំស្តីពីអាហារូបត្ថម្ភផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប រដ្ឋបាលថ្នាក់ក្រោមជាតិ ម្ចាស់ក្រុមហ៊ុនសិប្បកម្ម អ្នកប្រកបមុខរបរអាជីវកម្មម្ហូបអាហារ ផ្សារទំនើប ភោជនីយដ្ឋាននានា គ្រឹះស្ថានសិក្សា រមណីយដ្ឋានទេសចរណ៍ និងអ្នក លក់ដូរម្ហូបអាហារតាមដងផ្លូវ សូមចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុក។

ជាថ្មីម្តងទៀត ក៏បានសូមអំពាវនាវដល់ពលរដ្ឋ ប្រើប្រាស់ផលិតផលក្នុងស្រុក ដោយយកចិត្តទុកដាក់ខ្ពស់ក្នុង ការផលិត កែច្នៃ រក្សាទុក និងចែកចាយផលិតផលម្ហូបអាហារ ទាំងម្ហូបអាហារស្រស់ និងឆ្អិនស្រាប់ ឱ្យមានអនាម័យ មានសុវត្ថិភាព និងមានគុណភាព ស្របតាមស្តង់ដា បច្ចេកទេស និងលក្ខខណ្ឌតម្រូវស្តីពីអនាម័យ និងសុវត្ថិភាពម្ហូបអាហារ ស្របតាមពាក្យស្លោក«ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត»៕ អត្ថបទ៖ហ្សាលីន