រំភើបជំនួស! ខ្មែរ ប៊ែវើរីជីស ប្រកាសប្រមូលទិញស្រូវ ៥,០០០ តោន ជារៀងរាល់ឆ្នាំ ក្នុងតម្លៃ ១០០០៛ យកមកលក់នៅផ្សារជីប ម៉ុង ស៊ុបភើម៉ាឃីត ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាកសិករ

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ ដើម្បីជួយសម្រាលបន្ទុក និងបានឮសម្រែកលំបាករបស់ប្រជាកសិករ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង បានប្រកាសប្រមូលទិញស្រូវ ៥,០០០តោន ជារៀងរាល់ឆ្នាំ ក្នុងតម្លៃ ១០០០រៀល ពីកសិករគ្រប់ខេត្តក្រុង ដើម្បីកសិករយើងបានសម្រួលជីវភាព និងបានប្រាក់ចំណូលទូទាត់ថ្លៃចំណាយនានា។  

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំពោះស្រូវដែលទិញបាន ក្រុមហ៊ុននឹងយកមកចែកចាយលក់នៅតាមបណ្តា ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត (Chip Mong Supermarket) ទាំង ១៥ សាខា ដើម្បីអាចឱ្យប្រជាពលរដ្ឋជួយទិញ និងបានចូលរួមគាំទ្រផលិតផលកសិករខ្មែរ។

អ្វីដែលពិសេសនោះ គឺការប្រកាសប្រមូលជួយទិញនេះ មិនមែនទិញតែម្តងនេះឈប់ទេ ប៉ុន្តែ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រកាសបន្ថែមទៀតថាក្រុមហ៊ុន នឹងចុះជួយទិញស្រូវពីបងប្អូនប្រជាកសិករ ទូទាំងខេត្តក្រុងជារៀងរាល់ឆ្នាំ។ ជាជំហានសំខាន់មួយក្នុងការជួយកសិករខ្មែរមានភាពកក់ក្តៅ ដោយឲ្យកសិផលជាពិសេសស្រូវមានទីផ្សារ ព្រមទាំងទទួលបានតម្លៃសមរម្យ។

ក្រៅពីការទិញស្រូវក្នុងតម្លៃល្អ ធនាគារ ជីប ម៉ុង ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង ក៏មានគម្រោងផ្តល់ជំនួយបច្ចេកទេស និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីជួយសម្រួលបន្ទុករបស់កសិករធ្វើឱ្យវិស័យកសិកម្មកាន់តែរីកចម្រើន។

វិស័យកសិកម្មនៅកម្ពុជា កំពុងប្រឈមនឹងបញ្ហាច្រើនដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ដោយឡែក ការចូលរួមរបស់វិស័យឯកជនដូចជា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាគំរូមួយក្នុងការជួយសម្រួលបញ្ហាទាំងនោះ៕

គាំទ្រ ខ្មែរ ប៊ែវើរីជីស លើកស្ទួយគ្រប់វិស័យនៅកម្ពុជា!