លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ចាប់ពីឆ្នាំ ២០២០ ដល់ ២០២៥ កម្ពុជាបានផលិតស្រូវកើនពីប្រមាណ ១១ លានតោនឡើងដល់ជិត ១៥ លានតោន កើនជិត ៤ លានតោន ហើយលើសពីតម្រូវការក្នុងស្រុកប្រមាណ ៧ លានតោន។

លើកឡើងលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី៥ ខែវិច្ឆិការ ឆ្នាំ២០២៥នេះ លោក យ៉ង សាំងកុមារ បានបញ្ជាក់ថា ជាមួយប្រជាជនប្រមាណ ១៧ លាននាក់ កម្ពុជាផលិតស្រូវបាន ១៤,៧ លានតោន ដែលជាបរិមាណខ្ពស់បំផុតក្នុងតំបន់បើគិតពីបរិមាណផលិតសម្រាប់ប្រជាជនម្នាក់ ដែលបង្ហាញពីសមត្ថភាពនិងការខិតខំប្រឹងប្រែងរបស់កសិករខ្មែរនិងស្ថាប័នពាក់ព័ន្ធ។ គិតចាប់ពីឆ្នាំ ២០២០ ដល់ ២០២៥ ការផលិតស្រូវកើនពីប្រមាណ ១១ លានតោនឡើងដល់ជិត ១៥ លានតោន កើនជិត ៤ លានតោន ហើយលើសពីតម្រូវការក្នុងស្រុកប្រមាណ ៧ លានតោន។
ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ថា ត្រឹមខែតុលា ឆ្នាំ ២០២៥ យើងបានរួមគ្នាដោះស្រាយការប្រមូលផលនិងទីផ្សារបានប្រមាណ ៨ លានតោន ហើយនៅសល់ជាង ៦ លានតោនទៀត ត្រូវបន្តដោះស្រាយក្នុងខែ វិច្ឆិកា និងធ្នូ។ ក្នុងខែវិច្ឆិកាប៉ុណ្ណោះ ត្រូវប្រមូលផលស្រូវប្រមាណ ៤,៥ លានតោន ឬជាមធ្យមប្រមាណ ១៥ ម៉ឺនតោនក្នុងមួយថ្ងៃ។

បើតាមលោក យ៉ង សាំងកុមារ ក្នុងឆ្នាំនេះ រាជរដ្ឋាភិបាលបានបញ្ចេញ ហិរញ្ញប្បទានពិសេស ២ លើករួចហើយដោយសរុប ៥០ លានដុល្លារ ដើម្បីជួយគាំទ្រការប្រមូលទិញស្រូវពីកសិករ និងកំពុងរៀបចំបញ្ចេញបន្តទៀត ដើម្បីបង្កើនទុនរបស់រោងម៉ាស៊ីន។
ទន្ទឹមនឹងនេះ មានរោងម៉ាស៊ីនចុះសហការជាមួយក្រសួងកសិកម្មចំនួន ២៩ កំពុងសកម្មក្នុងការទិញស្រូវជាង ៦០ ម៉ឺនតោន សម្រាប់រដូវនេះ ដែលក្នុងនោះមានស្រូវ ផ្ការំដួលជាង ៤០ ម៉ឺនតោន ដោយតម្លៃទិញនៅវាលស្រែមិនទាប ១០០០ រៀលក្នុងមួយគីឡូក្រាម សម្រាប់ស្រូវគុណភាពល្អ។
គូសបញ្ជាក់ដែរថា កម្ពុជាបានបន្តដំណើរទៅមុខ ដោយស្មារតីសហការរបស់រដ្ឋាភិបាល អាជីវករស្រូវអង្ករ កសិករ និងប្រជារដ្ឋខ្មែរ ដើម្បីបង្កើនប្រាក់ចំណេញជូនកសិករនិងធានាការលូតលាស់ប្រកបដោយចីរភាពសម្រាប់វិស័យស្រូវអង្ករជាតិ។ នេះបើតាមគូសបញ្ជាក់បន្ថែមពីលោក យ៉ង សាំងកុមារ។


