ក្រុមហ៊ុន Guangxi Mingdian Electric Co., Ltd. ដែលក្រុមហ៊ុនផលិតគ្រឿងបរិក្ខារអគ្គិសនីរបស់ចិន បានពិភាក្សាអំពីឱកាសវិនិយោគនៅក្នុងខេត្តកំពង់ធំ ខណៈក្រុមហ៊ុននេះ ក៏បានបង្ហាញពីបំណងវិនិយោគបង្កើតបណ្តុំរោងចក្រឧស្សាហកម្មផលិតគ្រឿងបង្គុំអគ្គិសនីនៅកម្ពុជានៅកម្ពុជាផងដែរ។

នេះបើយោងតាមជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជាមួយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងក្រុមហ៊ុនផលិតគ្រឿងបរិក្ខារអគ្គិសនីរបស់ចិន ដឹកនាំ លោក Chen Jun ប្រធានក្រុមហ៊ុន Guangxi Mingdian Electric Co., Ltd. កាលពីពេលថ្មីៗនេះ។
នៅក្នុងជំនួបនេះ លោក Chen Jun ប្រធានក្រុមហ៊ុន បានបង្ហាញពីគោលបំណងចង់បង្កើតបណ្តុំរោងចក្រឧស្សាហកម្មផលិតគ្រឿងបង្គុំនិងសម្ភារៈបរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ដូចជា៖ ត្រង់ស្វូរ សូឡា និងឧបករណ៍សម្រាប់ប្រព័ន្ធវារីអគ្គិសនីនៅក្នុងខេត្តកំពង់ធំ ដើម្បីបំពេញតម្រូវការ និងចន្លោះខ្វះខាតក្នុងវិស័យថាមពល អគ្គិសនីនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាលទ្ធភាពក្នុងការនាំចេញផងដែរ។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានស្វាគមន៍ ក្រុមហ៊ុន Guangxi Mingdian Electric Co., Ltd. ដែលបានបើកអាជីវកម្មផ្គត់ផ្គង់គ្រឿងបរិក្ខារអគ្គិសនីនៅកម្ពុជា និងបានបង្ហាញអំពីបំណងក្នុងការវិនិយោគគម្រោងបង្កើតបណ្តុំរោងចក្រឧស្សាហកម្មផលិតគ្រឿងបង្គុំសម្ភារៈបរិក្ខារអគ្គិសនី និងអេឡិចត្រូនិក នៅក្នុងខេត្តកំពង់ធំ ដែលស្ថិតនៅចំចំណុចកណ្តាលនៃប្រទេសកម្ពុជា។

លោក រំពឹងថា តាមរយៈការបង្កើតបណ្តុំរោងចក្រឧស្សាហកម្មនេះ នឹងជួយធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចខេត្តកំពង់ធំ ពីការពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម ងាកមករកវិស័យឧស្សាហកម្ម និងកសិ-ឧស្សាហកម្ម ដែលម្ខាងនឹងជួយជំរុញសេដ្ឋកិច្ចរបស់ខេត្តកំពង់ធំ ក៏ដូចជាទូទាំងប្រទេស និងម្ខាងទៀត ជួយបង្កើតការងារ និងប្រាក់ចំណូលបន្ថែមជូនប្រជាជន។
គួរបញ្ជាក់ថា ក្រុមហ៊ុន Guangxi Mingdian Electric Co., Ltd. មានមូលដ្ឋាននៅទីក្រុងណាននីង តំបន់ស្វយ័តខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងជាសហគ្រាសផលិតឧបករណ៍ថាមពលដ៏ធំមួយ ដែលរួមបញ្ចូលទាំងការស្រាវជ្រាវ និងការអភិវឌ្ឍ (R&D) ការផលិត ការលក់ សេវាកម្ម និងការដំឡើង។ ក្រុមហ៊ុននេះផលិតជាចម្បងនូវឧបករណ៍អគ្គិសនី ត្រង់ស្វូរ ឧបករណ៍បំប្លែងថាមពល
ទូហ្កាសបិទជិត និងអ៊ីសូឡង់ ព្រមទាំងឧបករណ៍ថាមពលផ្សេងៗទៀត ដោយមានមជ្ឈមណ្ឌលសាកល្បងផលិតផល មន្ទីរពិសោធន៍ដ៏ធំទូលាយ និងមជ្ឈមណ្ឌលប្រតិបត្តិការ និងថែទាំឌីជីថលនៅមូលដ្ឋានផលិតកម្មរបស់ខ្លួន និងទទួលបានប៉ាតង់ជាតិជាច្រើន៕ អត្ថបទ៖ហ្សាលីន

