ដោយទទួលបានសិទ្ធិប្រទានក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នាដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា និងក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិលើកទី២៦ (UN Tourism – 26th General Assembly) នៅរាជធានីរីយ៉ាដ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកស្រី ANA CARLA MACHADO LOPES អនុរដ្ឋមន្ត្រីទេសចរណ៍ ប្រស៊ីល និងជាលេខាធិការប្រតិបត្តិអង្គការទេសចរណ៍សហប្រជាជាតិ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីសហប្រតិបត្តិការទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធប្រេស៊ីល។

ការចុះអនុស្សរណៈនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា លោក ហួត ហាក់ បញ្ជាក់ថា សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ជាប្រទេសនៅទ្វីបអាមេរិកខាងត្បូងដំបូងគេ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា ដែលមានប្រជាជនច្រើនជាង ២០០លាននាក់។
លោកបានចាត់ទុកថា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ប្រទេសកម្ពុជា អាចធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ទាក់ទាញការវិនិយោគក្នុងវិស័យទេសចរណ៍ និងការបង្កើតនូវផលិតផលទេសចរណ៍ដែលមានតម្លៃបន្ថែម និងទេសចរណ៍បែបបេតិកភណ្ឌដល់ទីផ្សារប្រេស៊ីលដ៏មានសក្តានុពលខ្ពស់ជាមួយប្រជាជន ជាង២០០លាននាក់ និងពង្រីកការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគបន្ថែមទៀតពីតំបន់ទ្វីបអាមេរិកខាងត្បូងផងដែរ៕





