កម្ពុជា និងឡាវឯកភាពគ្នាដំឡើងកម្រិតកិច្ចសហប្រតិបត្តិការទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិរវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើង។ ការឯកភាពគ្នារវាងប្រទេសទាំងពីរ ធ្វើឡើងរវាង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយ លោកស្រី Suanesavanh Vignaket រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ ភាគីទាំងពីរ (កម្ពុជា-ឡាវ) បានឯកភាពគ្នាស្នើសុំគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដើម្បីដំឡើង កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ដែលមានស្រាប់មួយកម្រិតទៀត ដើម្បីឱ្យកាន់តែស៊ីជម្រៅ និងសកម្ម ក្នុងគោលបំណងរួមគ្នា និងផលប្រយោជន៍ប្រជាជនទាំងពីរ គឺទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រទេសទាំងពីរ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិក្នុងវិស័យទេសចរណ៍ក្នុងក្របខណ្ឌតំបន់ និងអនុតំបន់ ដែលមានដូចជាក្នុងក្របខណ្ឌ ASEAN, GMS, CLMV, ACMECS។
លើសពីនេះ ក៏ឯកភាពលើការរៀបចំព្រឹត្តិការណ៍ជំរុញទេសចរណ៍ជាពិសេសតាមខេត្តជាប់ព្រំដែន, ការពិនិត្យលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់រវាងទីក្រុងធំៗ និងជាគោលដៅទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា-ឡាវ, ការរៀបចំឱ្យភាគីឯកជនក្នុងវិស័យទេសចរណ៍នៃប្រទេសទាំងពីរបានជួបពិភាក្សាគ្នាដើម្បីបង្កើតជាកញ្ចប់ទស្សនកិច្ច និងការពិនិត្យលទ្ធភាពបង្កើតខ្សែទស្សនកិច្ចអង្គរវត្ត-វត្តភូ ដែលសុទ្ធតែជាបេតិកភណ្ឌពិភពលោក៕




