គម្រោងសាងសង់ស្ពានចាក់អង្រែក្រោម-ព្រែកប្រា ទំនងបើកការដ្ឋានឆ្នាំនេះ ខណៈរដ្ឋាភិបាលកំពុងពិនិត្យលម្អិត

សង្គម​និង​សេដ្ឋកិច្ច

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ នៅថ្ងៃពុធ ទី០៩ កុម្ភៈនេះ បានបង្ហើបថា រដ្ឋាភិបាលកម្ពុជាគ្រោងបើកគម្រោងសាងសង់ស្ពានព្រែកតាឡុង ចាក់អង្រែក្រោម-ព្រែកប្រា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្មីៗនេះ ក្រុមហ៊ុនចិន Shanghai Construction Group Co.,Ltd. បានបញ្ចប់ការសិក្សាលើគម្រោងសាងសង់ស្ពានព្រែកតាឡុង ហើយ ខណៈរដ្ឋាភិបាលកំពុងពិនិត្យលម្អិតលើផ្នែកនីមួយៗ ទិសដៅដើម្បីជំរុញឱ្យបានបើកការដ្ឋានឆាប់ៗ។

បើតាមលោក ស៊ុន ចាន់ថុល គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់នៅចាក់អង្រែក្រោម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ឆ្លងកាត់ស្ពានព្រះមុនីវង្សសព្វថ្ងៃ ដែលទទួលការឯកភាពពីសម្ដេចតេជោនាយករដ្ឋមន្ត្រីរួចហើយ។ យ៉ាងណាមិញ លោកនៅមិនទាន់បញ្ជាក់ពីព័ត៌មានលម្អិត ឬកាលបរិច្ឆេទនៃការសាងសង់នៅឡើយទេ។

គម្រោងស្ពាននេះនឹងស្ថិតនៅចន្លោះស្ពានមុនីវង្ស និងស្ពានព្រែកសំរោង ដោយរដ្ឋបានពិចារណា ២ ទីតាំង គម្រោងទី១ តភ្ជាប់ត្រង់ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម និងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា។ ស្ពាននេះ ចាប់បន្តពីមហាវិថីអ្នកឧកញ៉ា ហ៊ុន នាង ឆ្លងកាត់ផ្លូវជាតិលេខ២ ផ្លូវទទឹង៧ម៉ែត្រ ជាប់ខាងជើងវត្តចាក់អង្រែក្រោម ទន្លេបាសាក់ ផ្លូវលេខ៣៦៩ និងតភ្ជាប់ គម្រោងផ្លូវ៣០-៥០ម៉ែត្រ មានប្រវែងសរុបប្រមាណ ៨៨៧ម៉ែត្រ។

គម្រោងទី២ តភ្ជាប់ត្រង់ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម និងភូមិអូអណ្តូង សង្កាត់ព្រែកប្រា ។ ស្ពាននឹងត្រូវស្ថាបនាបន្ចាប់តពីគម្រោងផ្លូវ ៥០-៦០ម៉ែត្រ ផ្លូវអ្នកឧកញ៉ា ហ៊ុន នាង ឆ្លងកាត់ផ្លូវជាតិលេខ២ ទន្លេបាសាក់ ផ្លូវលេខ៣៦៩ និងតភ្ជាប់ទៅគ្រោងផ្លូវ៥០-៦០ម៉ែត្រ ដែលមានប្រវែង៩០០ម៉ែត្រ៕