សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅព្រៃផ្សៃរបស់យោធាថៃ ដែលបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ វេលាម៉ោងប្រមាណ ១៥:៥០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បង្កឱ្យប្រជាពលរដ្ឋខ្មែរស្លាប់ចំនួន ១នាក់ និងរបួសចំនួន ៣នាក់។

សហព័ន្ធបានចាត់ទុកសកម្មភាពវាយប្រហារនេះ បង្ហាញយ៉ាងច្បាស់ថា ភាគីថៃបានរំលោភលើ «កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ» ដែលចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៥ ធ្វើជាសាក្សី។
សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ សូមអំពាវនាវដល់សហគមន៍អន្តរជាតិ ធ្វើការថ្កោលទោស យ៉ាងម៉ឺងម៉ាត់រាល់ការប្រព្រឹត្តអំពើអមនុស្សធម៌ទាំងឡាយរបស់ភាគីថៃ និងសូមឱ្យមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ ស្វែងរកការពិត ការទទួលខុសត្រូវ និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា ដែលរងគ្រោះដោយសារការបាញ់ប្រហារនេះ។
សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ សូមបន្តគាំទ្ររាល់វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា នៅរក្សាជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះ និងកសាងសន្តិភាពរវាងប្រទេសទាំងពីរ។
សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ សូមជឿជាក់ទាំងស្រុងលើមាគ៌ាដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការរក្សាសន្តិភាព ការពារអធិបតេយ្យ បូរណភាពដែនដី ឯករាជ្យ និងការពារសុវត្ថិភាពប្រជាជន ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ជាកំពូលស្ថាបនិកអគ្គមគ្គុទេសន៍ និងបិតាសន្តិភាព៕



