ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញបិទព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជា CAFE25 នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។

ក្នុងឱកាសបិទកម្មវិធីវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥នេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា និងគណៈប្រតិភូ បានអញ្ជើញចូលសួរសុខទុក្ខ និងពិនិត្យមើលវឌ្ឍនៈភាពនៃការរីកលូតលាស់របស់ក្រុមហ៊ុនសំបកកង់ឡានម៉ាក សៃលុនផលិតនៅកម្ពុជា ដែលបានប្រើប្រាស់ជ័រកៅស៊ូខ្មែរ ក្នុងការផលិតប្រមាណជា ៩៥%ស្មើនឹងជាង ១០ម៉ឺនតោនថែមទាំងបានជួយទិញអង្ករខ្មែរយកទៅធ្វើប្រូម៉ូសិនជាមួយសំបកកង់ឡាន និងប្រេងម៉ាស៊ីន Petronas កត្តាទាំងនេះគឺដើម្បីចូលរួមលើកកម្ពស់វិស័យកសិកម្មកម្ពុជាពិសេសគឺស្រូវអង្ករ។
សូមជម្រាបថា វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ (CAFE25) គឺជាព្រឹត្តិការណ៍កសិកម្មដ៏ធំបំផុតដំបូងបង្អស់នៅកម្ពុជា។ ព្រឹត្តិការណ៍នេះដឹកនាំរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(MAFF) ដោយមានការចូលរួមសហការពីក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនជាច្រើន៕






