មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំប្រជុំជាមួយមន្ត្រីកសិកម្មឃុំទូទាំងខេត្តព្រះវិហារ ដើម្បីសម្របសម្រួល ទីផ្សារស្រូវឱ្យទទួលបានតម្លៃសមរម្យ

សង្គម​ និង​សេដ្ឋកិច្ច

លោក យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រជុំជាមួយមន្ត្រីកសិកម្មឃុំទូទាំងខេត្តព្រះវិហារ ដើម្បីពិភាក្សាការងារសម្របសម្រួលទីផ្សារស្រូវ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំពិភាក្សាបានផ្តោតលើប្រធានបទសំខាន់ៗរួមមាន ការសម្របសម្រួល ទីផ្សារស្រូវ ដើម្បីជួយកសិករទទួលបានតម្លៃសមរម្យ ការយកចិត្តទុកដាក់លើ ការគ្រប់គ្រងស្ថិតិផលិតកម្ម ស្រូវ ដំឡូង និងស្វាយចន្ទី ដែលជាកសិផលសំខាន់បំផុតរបស់ខេត្ត ការជំរុញការអនុវត្ត ការភ្ជូរលុបជញ្រ្ជំង ដើម្បីកាត់បន្ថយការឆេះ សុវត្ថិភាពបរិស្ថាន បង្កើនជីជាតិដី កាត់បន្ថយចំណាយលើជី បង្កើនសំណើមក្នុងដី និង កាត់បន្ថយបញ្ហាស្មៅ។

នាឱកាសនោះដែរ លោក យ៉ង សាំង កុមារ ក៏បានលើកឡើង ទាក់ទងការផលិត និងការប្រើប្រាស់ជីកំប៉ុស្ត(Compost)ជីធ្យូងជីវ (Biochar Fertilizer) ការប្រើពូជសុទ្ធតាមគោលការណ៍ស្រែល្អ ដើម្បីបង្កើនទិន្នផល គុណភាពស្រូវ និងកាត់បន្ថយចំណាយជីគីមី និង ថ្នាំកសិកម្ម ដែលចូលរួមចំណែកពង្រឹង និងពង្រីកកសិកម្មសរីរាង្គនៅទូទាំងខេត្តផងដែរ។

គួរឱ្យដឹងថា ដើម្បីដោះស្រាយបញ្ហាកកស្ទះស្រូវនៅតាមទីវាល រោងម៉ាស៊ីនជាដៃគូរបស់ក្រសួងកសិកម្ម បានប្រមូលទិញស្រូវជាបន្តបន្ទាប់។ ក្រសួងកសិកម្ម បានរំពឹងទុកថាការប្រមូលទិញស្រូវនឹងហក់ឡើងខ្ពស់ខ្លាំងនៅក្នុងខែវិច្ឆិកានេះ ដែលជាខែប្រមូលផលធំក្នុងរដូវកាលនេះ លើផ្ទៃដីដាំដុះប្រហែល១,៥លានហិកតា ជាមួយនឹងបរិមាណផលចន្លោះពី៤-៥លានតោនស្រូវសើម។

ក្រសួងកសិកម្ម បានបញ្ជាក់ថា ប៉ុន្មានខែកន្លងមកនេះ តាមរយៈមន្ត្រីកសិកម្មឃុំនិងរោងម៉ាស៊ីនដៃគូទាំងអស់ ក្រសួងកសិកម្មនិងសហព័ន្ធស្រូវអង្ករបានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធស្ទើរតែរៀងរាល់ថ្ងៃជាមួយនឹងវិសាលភាពដ៏ធំធេង ដើម្បីធានាឱ្យបានថាការប្រមូលទិញស្រូវពីបងប្អូនកសិករយើងនៅតាមទីវាលនៅតែមានលំហូរជាប់ជាប្រចាំ និងជួយមិនឱ្យកសិករកកស្ទះរហូតដល់ខូចស្រូវនោះឡើយ។