កូនប្រសារលោក ជា សុផារ៉ា៖ វិស័យកសិកម្មរីកចម្រើនចាំបាច់ត្រូវការធនធានមនុស្សមានជំនាញច្បាស់លាស់

សង្គម​និង​សេដ្ឋកិច្ច

លោក ម៉ឹង មករា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ដើម្បីឲ្យវិស័យកសិកម្មរីកចម្រើនលូតលាស់ ចាំបាច់ត្រូវធនធានមនុស្សដែលមានជំនាញ ដើម្បីទាញយកអ្នកវិនិយោគក្នុងស្រុក និងបរទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងពិធីប្រគល់ដ្រូននិងសម្ភារៈកសិកម្មព្រមទាំងសម្ភារៈការិយាល័យ ជាអំណោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដល់សាកលវិទ្យាល័យភូមិន្ទកសិកម្ម កាលពីថ្ងៃចន្ទ ទី២២ ខែសីហា លោក ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ និងជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា សម្ភារៈបំរើឲ្យវិស័យកសិកម្មនេះ គឺជាការចូលរួមចំណែក ជាមួយសាកលវិទ្យាល័យ ក្នុងការធ្វើទំនើបកម្មបណ្តុះបណ្តាលលើវិស័យកសិកម្ម ដល់និស្សិតដែលកំពុងទទួលការសិក្សានៅសាកលវិទ្យាល័យ។ លោកថ្លែងថា៖ “អ្វីៗអាចសម្រេចទៅបាន គឺមកពីកត្តាមនុស្សជាចម្បង មនុស្សជាអ្នកគិត មនុស្សជាអ្នកធ្វើ បើយើងមានធនធានមនុស្ស ប្រទេសជាតិយើងនឹងមានការអភិវឌ្ឍន៍រីកចម្រើន”។

លោក មុឹង មករា បានសង្កត់ធ្ងន់ថា៖ “ដើម្បីធ្វើឲ្យវិស័យកសិកម្មនៅកម្ពុជា មានការអភិវឌ្ឍន៍រីកចម្រើន ចាំបាច់ត្រូវមានធនធានមនុស្សដែលមានជំនាញច្បាស់លាស់លើវិស័យកសិកម្ម ដើម្បីទាក់ទាញស្រូបយក ការវិនិយោគលើវិស័យកសិកម្មទាំងក្នុងស្រុក និងមកពីបរទេស។ ក្នុងន័យនេះ សាកលវិទ្យាល័យភូមិន្ទកសិកម្មមានតួនាទីសំខាន់ណាស់ ចំពោះវិស័យកសិកម្ម ដែលជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ”។

សូមជម្រាបជូនថា សមាគមយុវជនក្រុម៨ ដែលដឹកនាំដោយផ្ទាល់ពីលោក ម៉ឹង មករា កន្លងទៅបានរួមចំណែកយ៉ាងច្រើន ក្នុងការជួយដល់កិច្ចការមនុស្សធម៌ ដូចជា វិស័យសុខាភិបាល អប់រំ កសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅជនបទរួមមាន ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រលាយទឹក ស្រះទឹក ការដាំកូនឈើលម្អអមសងខាងផ្លូវ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗឯទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមជនបទ៕